(តាស្កិន)៖ អធិការបតី លោក Olaf Scholz បានឱ្យដឹងថា អាល្លឺម៉ង់បានចុះកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសអ៊ូសបេគីស្ថាន ដើម្បីទទួលយកកម្មករជំនាញមកពីប្រទេសអាស៉ីកណ្តាលមួយនេះ ឱ្យមកជួយដល់សេដ្ឋកិច្ចអាល្លឺម៉ង់ និងការបញ្ជូនជនអន្តោប្រវេសន៍មួយចំនួន ត្រលប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៤។
បន្ទាប់ពីជួបប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev នៅក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន លោក Scholz គូសបញ្ជាក់ថា «យើងកំពុងបើកដំណើរការងារអន្តោប្រវេសន៍ចាំបាច់មួយចំនួន សម្រាប់កម្មករ ដែលមានទេពកោសល្យខ្លាំង ហើយមានតម្រូវការក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជួយសេដ្ឋកិច្ចឱ្យរីកចម្រើន»។
លោក Scholz មិនបានឆ្លើយតបទេ ចំពោះសំនួររបស់ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញកិច្ចព្រមព្រៀងអន្តោប្រវេសន៍អាល្លឺម៉ង់-អ៊ូសបេគីស្ថាន ដែលអាចមានទាំង ការនិរទេសជនជាតិអាហ្វហ្កានីស្ថាន ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយលោក Scholz គ្រាន់តែនិយាយថា ប្រទេសទាំងពីរក៏យល់ព្រមគ្នា លើការប្រើប្រាស់នីតិវិធីសាមញ្ញៗ សម្រាប់ជនអន្តោប្រវេសន៍ ដែលត្រូវត្រលប់ទៅប្រទេសវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា អាល្លឺម៉ង់បាននិយាយថា នឹងបញ្ជូនជនជាតិអាហ្វហ្កានីស្ថាន ដែលប្រព្រឹត្តបទឧក្រិដ្ឋ ឱ្យត្រលប់ទៅប្រទេសរបស់ពួកគេវិញ។ តាមរដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser ដែលអមដំណើរ លោក Scholz ធ្វើទស្សនកិច្ចនៅអ៊ូសបេគីស្ថាន មានការរៀបចំផែនការបន្ថែម ស្តីពីការបណ្តេញជនជាតិអាហ្កានីស្ថានតាមជើងយន្តហោះ ប៉ុន្តែត្រូវរង់ចាំមើលសិនថា នឹងត្រូវសហការជាមួយប្រទេសមួយណា៕