(កៀវ)៖ យោធាអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា រុស្ស៉ីធ្វើការវាយប្រហារតាមអាកាសលើកទី៨ នៃខែកញ្ញានេះ មកលើទីក្រុងកៀវ ពេញមួយយប់ថ្ងៃអាទិត្យ ដោយអង្គភាពការពារដែនអាកាស បានបំផ្លាញយន្តហោះដ្រូនជិត ២០គ្រឿង ដែលហោះសំដៅមកកាន់រដ្ឋធានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រធានរដ្ឋបាលយោធាក្រុងកៀវ លោក Serhiy Popko បានឱ្យដឹងតាមបណ្តាញតេឡេក្រាមដូច្នេះថា «រុស្ស៉ី បាញ់ដ្រូនឆ្ពោះមកទីក្រុងកៀវ ចេញពីគោលដៅ​ និងក្រុមផ្សេងៗគ្នា។ តាមព័ត៌មានបឋម គ្មានអ្នករងរបួស ឬការបំផ្លាញណាមួយនៅឡើយទេ»។ លោកបន្ថែមថា លទ្ធផលនៃការវាយប្រហារ ដែលធ្វើឱ្យទីក្រុងកៀវ ស្ថិតក្រោមសំលេងស៉ីរ៉ែនប្រកាសអាសន្ន រយៈពេល៣ម៉ោងកន្លះ អាចនឹងដឹងច្បាស់ នៅបន្ទាប់ពីថ្ងៃចន្ទនេះ។

សាក្សីរបស់ Reuters ក៏បានរាយការណ៍ផងដែរ ពីការផ្ទុះយ៉ាងខ្លាំង ដែលដូចជាប្រព័ន្ធការពារអាកាស កំពុងធ្វើប្រតិបត្តិការ។ ភ្លាមៗ រុស្ស៉ីមិនទាន់ចេញមកបញ្ជាក់ទេ។ កន្លងមក រុស្ស៉ីនិយាយថា ខ្លួនកំណត់គោលតែលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ដែលសំខាន់សម្រាប់សង្គ្រាមប៉ុណ្ណោះ នៅក្នុងការវាយប្រហារតាមអាកាសរបស់ខ្លួន៕