(វ៉ាស៉ីនតោន)៖ អំឡុងទស្សនកិច្ចដោយក្រុមប្រតិភូអាមេរិក នៅទីក្រុងដាក្កា (Dhaka) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក បានប្តេជ្ញាថានឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស ដោយរួមបញ្ចូលនូវការកសាង និងអភិវឌ្ឍស្ថាប័ននានា ហើយផ្តល់ជំនួយបន្ថែមចំនួន ២០២លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៤។

គណៈប្រតិភូអាមេរិកចំនួន ៦រូបដឹកនាំដោយ លោក Brent Neiman អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអាមេរិក គឺជាក្រុមដំបូងដែលបានទៅដល់បង់ក្លាដែស ក្នុងអាណត្តិរដ្ឋាភិបាលបណ្តោះអាសន្នរបស់ លោក Muhammad Yunus។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសផ្តល់ជំនួយ ២០២លានដុល្លារ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ បង្កើតឱកាសក្នុងសង្គម សម្រាប់មនុស្ស សេដ្ឋកិច្ច និងភាពធន់ ក្រោមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខានៅទីនោះ។ តាមសេចក្តីថ្លែងការលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីជំនួបជាមួយ លោក Yunus ស្ថានទូតអាមេរិកបានសង្កត់ធ្ងន់ លើការត្រៀមខ្លួនជួយដល់បង់ក្លាដែស ស្វែងរកអនាគតប្រកបដោយសមធម៌ និងកាន់តែមានដំណើរការថែមទៀត។

គួរបញ្ជាក់ថា ផ្អែកតាមកិច្ចព្រមព្រៀងឆ្នាំ ២០២១ ដែល USAID សន្យាផ្តល់ជំនួយសរុបចំនួន ៩៤៤លានដុល្លារចាប់ពីឆ្នាំដដែលនេះ រហូតដល់ឆ្នាំ ២០២៦ មានថវិកាចំនួន ៤២៥លានដុល្លាត្រូវបានផ្តល់រួចហើយដល់បង់ក្លាដែស។ បច្ចុប្បន្ន រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស កំពុងស្វែងរកជំនួយចំនួន ៥ពាន់លានដុល្លារឯណោះ ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ចដែលកំពុងស៊ូទ្រាំ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង ដែលបានជំរុញឱ្យមានចំណាយលើការនាំចូលប្រេងឥន្ធនៈ និងស្បៀងអាហារយ៉ាងខ្លាំង៕