(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះបាននិយាយថាហ្វីលីពីន នឹងបន្តដាក់ពង្រាយនាវារបស់ខ្លួនទៅកាន់តំបន់ថ្មប៉ប្រះទឹកកំពុងមានវិវាទ Sabina Shoal នៅក្នុងតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាមួយគ្រឿងហ្វីលីពីនដែលចតនៅតំបន់ថ្មប៉ប្រះទឹកមួយនេះអស់រយៈពេលជាង៥ខែ បានត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តរក្សាវត្តមាននៅដែនទឹកមួយនេះ (Sabina Shoal)»។ ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងក្រោយនាវា Teresa Magbanua របស់ឆ្មាំសមុទ្រហ្វីលីពីន ដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ថ្មប៉ប្រះទឹក Sabina Shoal កាលពីខែមេសា ដើម្បីតាមដាននូវអ្វីដែលទីក្រុងម៉ានីលហៅថាសកម្មភាពទាមទារអធិបតេយ្យរបស់ចិនក្នុងតំបន់ថ្មប៉ប្រះទឹកនេះ បានត្រឡប់ទៅកំពង់ផែវិញ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។

បើតាមលោក Tarriela ការវិលត្រឡប់ទៅកំពង់ផែវិញរបស់នាវា Teresa Magbanua មិនមានជាប់ពាក់ព័ន្ធនឹងសំណើរបស់ទីក្រុងប៉េកាំង ដែលទាមទារឱ្យទីក្រុងម៉ានីលដកនាវា នេះចេញនោះទេ ដោយបញ្ជាក់ថានាវានេះត្រូវការការជួសជុល ហើយក្រុមនាវិកត្រូវការការត្រួតពិនិត្យសុខភាព។

គួរបញ្ជាក់ថា ឆ្មាំសមុទ្រចិនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានបញ្ជាក់ដែរថាខ្លួននឹងបន្តធ្វើសកម្មភាពពង្រឹងការអនុវត្តច្បាប់ នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមដែន សមត្ថកិច្ចរបស់ចិន អនុលោមតាមច្បាប់ ហើយនឹងការពារអធិបតេយ្យទឹកដី ព្រមទាំងសិទ្ធិសមុទ្រ និងផលប្រយោជន៍របស់ខ្លួន៕