(Reuters)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បន្ទាប់ពី FBI បានទប់ស្កាត់ទាន់ពេលវេលា នូវការប៉ុនប៉ងធ្វើឃាតថ្មីមួយ ខណៈរូបលោកកំពុងលេងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីភ្នាក់ងារ Secret Service បានកំណត់មុខសញ្ញា និងបានបាញ់ប្រហារលើខ្មាន់កាំភ្លើងម្នាក់ដែលសម្ងំក្នុងគុម្ពោតឈើ នៅក្បែរទីតាំងដែលលោក ត្រាំ កំពុង លេងវាយកូនហ្គោល។ ជនសង្ស័យបានរត់គេចខ្លួនដោយជិះរថយន្ដមួយគ្រឿងចេញពីកន្លែងកើតហេតុ និងបានបន្សល់ទុកកាំភ្លើងមួយដើមម៉ាក AK-47 និងសម្ភារៈមួយចំនួន ប៉ុន្តែក្រោយមក ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន។

ក្រោយហេតុការណ៍នេះកើតឡើង FBI បានបើកការស៊ើបអង្កេតមួយ ហើយថាលោក ត្រាំ បានស្ថិតនៅក្រោមគោលដៅនៃការប៉ុនប៉ងធ្វើឃាតថ្មីមួយ ដែលកើតឡើងជាង២ខែប៉ុណ្ណោះ បន្ទាប់ពី លោកបានរងរបួសត្រង់ស្លឹកត្រចៀក អំឡុងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅឯរដ្ឋ Pennsylvania។ លោក ត្រាំ ក៏បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គមដែរថារូបលោកមានសុវត្ថិភាព ខណៈសេតវិមានចេញផ្សាយសេចក្ដីថ្លែងការណ៍ដោយបញ្ជាក់ថាលោកប្រធានាធិបតី ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានទទួលព័ត៌មានអំពីការប៉ុនប៉ងធ្វើឃាតសាជាថ្មីលើលោក ត្រាំ ហើយថាអ្នកទាំង២ ធូរស្រាលក្នុងចិត្តដែលលោក ត្រាំ មានសុវត្ថិភាព។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានអាមេរិក CNN, Fox News និង The New York Times ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ Ryan Wesley Routh មានអាយុ៥៨ឆ្នាំ មកពីរដ្ឋ Hawaii៕