(កៀវ)៖ ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើអគារលំនៅដ្ឋានច្រៀនជាន់មួយនៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន បានបណ្តាលជនស៊ីវិលយ៉ាងហោចណាស់ ៣០នាក់រងរបួស ក្នុងនោះកុមារ ៣នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហោះរូបភាពនៃអគារដែលខូចខាតយ៉ាងធ្ងន់ធ្ងរនៅលើ Telegram និងបានថ្កោលទោសការវាយប្រហារនេះ ដោយហៅវាថាជា «អំពើភេរវកម្ម»។ អភិបាលក្រុង Kharkiv បានរាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏ត្រូវបានខូចខាតផងដែរ។

លោក Zelenskiy បានអំពាវនាវឱ្យពិភពលោកជួយការពារអ៊ុយក្រែនពីការវាយប្រហារបែបនេះ ខណៈដែលទីក្រុងកៀវ បានស្នើសុំអាវុធដែលមានឥទ្ធិពលខ្លាំងជាងនេះពីលោកខាងលិច ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

រុស្ស៊ីបានបដិសេធការកំណត់គោលដៅលើជនស៊ីវិលដោយចេតនា បើទោះបីជាមានមនុស្សរាប់ពាន់នាក់បានស្លាប់ដោយសារការវាយប្រហាររបស់ខ្លួនចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ក៏ដោយ៕