(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានបញ្ជូននាវាឆ្មាំសមុទ្រថ្មីមួយទៅកាន់តំបន់សាប៊ីណា សូល (Sabina Shoal) ក្នុងសមុទ្រចិនខាងត្បូង ដើម្បីជំនួសនាវាចាស់ដែលត្រឡប់មកកំពង់ផែវិញក្រោយបំពេញបេសកកម្មរយៈពេល ៥ ខែ។ សកម្មភាពនេះទំនងជាធ្វើឱ្យចិនមិនសប្បាយចិត្ត ខណៈដែលចិនបានទាមទារឱ្យហ្វីលីពីនដកនាវាចេញពីតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

កងឆ្មាំសមុទ្រ និងក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការសមុទ្រហ្វីលីពីនបាននិយាយថា នាវា Teresa Magbanua ដែលត្រូវបានដាក់ពង្រាយដើម្បីតាមដានសកម្មភាពសាងសង់ដែលសង្ស័យថាជារបស់ចិន បានត្រឡប់មកកំពង់ផែវិញ ក្រោយបេសកកម្មបានបញ្ចប់។ នាវាថ្មីមួយនឹងត្រូវបញ្ជូនទៅជំនួសភ្លាមៗ។ ហ្វីលីពីនបានបញ្ជាក់ថាខ្លួននឹងបន្តរក្សាវត្តមាននៅក្នុងតំបន់នោះ។

តំបន់ Sabina Shoal ដែលចិនហៅថា ថ្មប៉ប្រះទឹក Xianbin និងហ្វីលីពីនហៅថា Escoda Shoal ស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រ ភាគខាងលិចនៃខេត្ត Palawan ប្រទេសហ្វីលីពីន។

លោក Liu Dejun អ្នកនាំពាក្យឆ្មាំសមុទ្រចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា «សកម្មភាពរបស់ភាគីហ្វីលីពីនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន» ដោយគូសបញ្ជាក់ថា ឆ្មាំសមុទ្រចិនខ្លួននឹងបន្តអនុវត្តសកម្មភាពស្របច្បាប់នៅក្នុងដែនទឹកក្រោមយុត្តាធិការរបស់ខ្លួន និងការពារអធិបតេយ្យភាពដែនទឹក និងសិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ខ្លួន៕