(សៀងហៃ)៖ អាជ្ញាធរចិន នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះ បានត្រៀមលក្ខណៈប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយកំពុងបក់បោកតម្រង់ទៅកាន់ទីក្រុង សៀងហៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បានឱ្យដឹងថាព្យុះទីហ្វុង Bebinca ត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់មួយផ្នែកធំនៅតាមបណ្ដោយឆ្នេរ ក្នុងនោះរួមទាំងទីក្រុងសៀងហៃ អាច នៅចន្លោះពីយប់ថ្ងៃអាទិត្យ ដល់ព្រឹកថ្ងៃចន្ទស្អែកនេះ។ ក្រសួង កាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏បានបញ្ជាក់ដែរថាព្យុះនេះអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ឬអាចជាព្យុះភ្លៀង នៅចន្លោះពី ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ។ ចំណែក ខាងក្រសួងធនធានទឹករបស់ចិនវិញ បានប្រកាសអាសន្នកម្រិតទី៤ នៃហានិភ័យគ្រោះទឹកជំនន់នៅក្នុងទីក្រុងសៀងហៃ និងខេត្តមួយចំនួន ដូចជាខេត្ត Jiangsu, Zhejiang និង Anhui។

គួរបញ្ជាក់ថា ក្នុងខែកញ្ញានេះ ព្យុះទីហ្វុងមួយផ្សេងទៀតឈ្មោះ Yagi បានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ និង៩៥នាក់រងរបួស នៅពេលព្យុះមួយនេះបក់បោកឆ្លងកាត់ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ ព្យុះ Bebinca បានបក់បោកលើកោះ Amami របស់ជប៉ុន ពេញមួយយប់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ ជាមួយល្បឿនខ្យល់ ១៩៨គីឡូម៉ែត្រ ក្នុងមួយម៉ោង៕