(កៀវ)៖ ក្រុមមន្ត្រីនិយាយថា រុស្ស៉ី និងអ៊ុយក្រែនបានធ្វើការដោះដូរឈ្លើយសឹកចំនួន ២០៦នាក់នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា នៅក្នុងការផ្លាស់ប្តូរលើកទីពីរបស់ពួកគេក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីមានការចរចាសម្របសម្រួលដោយអេមីរ៉ាត់អារ៉ាប់រួម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ជនជាតិអ៊ុយក្រែនចំនួន ១០៣នាក់ដែលបានត្រឡប់មកប្រទេសវិញ រួមមានទាហាន ៨២នាក់ បុគ្គលិក និងមន្ត្រីយោធា ២១ នាក់។ រីឯ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ទាហានរបស់ខ្លួនចំនួន ១០៣នាក់ ជាអ្នកដែលត្រូវបានចាប់ឃុំខ្លួននៅតំបន់ព្រំដែន Kursk ពេលអ៊ុយក្រែនបើកការវាយលុកចូលទីនោះ។ តាមទីភ្នាក់ងារព័តៅរដ្ឋ Emirati WAM ការដោះដូរនេះសម្របសម្រួលដោយអេមីរ៉ាត់អារ៉ាប់រួម ហើយជាកិច្ចសម្រួលលើកទី ៨គិតចាប់តាំងពីដើមឆ្នាំ ២០២៤។
គួរបញ្ជាក់ថា ទីក្រុងកៀវ និងទីក្រុងមូស្គូបានដោះដូរឈ្លើយសឹកជាញឹកញាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២២ ហើយការដោះដូរនៅថ្ងៃសៅរ៍នេះ គឺជាលើកទី ៣ ចាប់តាំងពីអ៊ុយក្រែនវាយលុកចូលទឹកដីរុស្ស៉ី៕