(វ៉ាស៉ីនតោន)៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានសន្យាថានឹងនិរទេសជនអន្តោប្រវេសន៍ហៃទីជាច្រើន ពីទីក្រុង Springfield រដ្ឋ Ohio ទោះបីជាពួកគេភាគច្រើនស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដោយស្របច្បាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៤។
ក្នុងសន្និសីទសារព័ត៌មានមួយនៅឯរមណីយដ្ឋានវាយកូនហ្គោលរបស់លោក ក្បែរទីក្រុង Los Angeles លោក Trump បញ្ជាក់ថា «យើងនឹងធ្វើការនិរទេស ក្នុងលក្ខណៈទ្រង់ទ្រាយធំមួយ ពី Springfield នៃរដ្ឋ Ohio»។
ភាគច្រើននៃជនជាតិហៃទីចំនួន ១៥,០០០នាក់ ក្នុងទីក្រុង Springfield គឺនៅទីនោះ ដោយស្របច្បាប់។ ការសន្យារបស់ លោក Trump ក្នុងការនិរទេសទ្រង់ទ្រាយធំ ជាធម្មតាសំដៅទៅលើអ្នកដែលនៅក្នុងប្រទេស ដោយខុសច្បាប់៕