(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានផ្តល់ភ្លើងបៃតងចំពោះ គម្រោងលក់យន្តហោះចម្បាំង F-35​ ចំនួនរាប់សិបគ្រឿង ឱ្យទៅប្រទេសរូម៉ានី ដែលជាសម្ព័ន្ធមិត្តនៅអង្គការ NATO ក្នុងទំហំទឹកប្រាក់សរុប ៧.២ពាន់លានដុល្លារ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

គម្រោងខាងលើ នៅចាំបាច់ត្រូវឆ្លងកាត់ការអនុម័តពីសភាអាមេរិក។ រូម៉ានីបានបញ្ជាទិញ យន្តហោះចម្បាំង F-35A ចំនួន៣២គ្រឿង និងសម្ភារពាក់ព័ន្ធផ្សេងៗទៀត ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin។ ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសពីការយល់ព្រមចំពោះ គម្រោងលក់យន្តហោះចាក់សាំងលើអាកាស KC-46A ចំនួន ៩គ្រឿងឱ្យទៅជប៉ុន ក្នុងតម្លៃ៤.១ពាន់លានដុល្លារ ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទើបតែបានជួបរដ្ឋមន្រ្តីការបរទេសរូម៉ានី លោកស្រី Luminita Odobesc ហើយបានអរគុណទីក្រុងប៊ុយការ៉េស សម្រាប់ការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ១គ្រឿងឱ្យទៅអ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី៕