(បែរឡាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាវាចម្បាំងអាល្លឺម៉ង់២គ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០០២មក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់ទីក្រុងបែរឡាំង ដើម្បីឈរនៅជាមួយសម្ព័ន្ធមិត្តលោកខាងលិច ចំពេលមួយ ដែលភាពតានតឹងមានការកើនឡើង រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន និយាយថា មានតែប្រទេសចិនមួយគត់ ដែលមានអធិបតេយ្យនិងយុត្តាធិការ លើច្រកសមុទ្រតៃវ៉ាន់។ ទោះជាបែបនេះក៏ដោយ សហរដ្ឋអាមេរិកនិងតៃវ៉ាន់ និយាយថា ច្រកសមុទ្រនេះ ដែលជាច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់វិស័យដឹកជញ្ជូនទំនិញតាមកប៉ាល់របស់ពិភពលោក គឺជាផ្លូវទឹកអន្តរជាតិ។
ថ្លែងនៅទីក្រុងបែរឡាំង រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់ឱ្យដឹងថា រូបលោកអាចបញ្ជាក់បានថា នាវាចម្បាំងអាល្លឺម៉ង់២គ្រឿង ពិតជាបានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់។ លោក Pistorius បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ផ្លូវទឹកអន្តរជាតិគឺជាផ្លូវទឹកអន្តរជាតិ។ វាជាច្រកផ្លូវខ្លី ហើយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ គឺមានសុវត្ថិភាពជាងគេ ដូច្នេះ ពួកយើងក៏សម្រេចចិត្តបើកឆ្លងកាត់វា»។
គួរបញ្ជាក់ថា អាមេរិកដែលជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់ តែងតែបញ្ជូននាវាចម្បាំង ឱ្យបើកឆ្លងកាត់ច្រកសមុទ្រខាងលើ ជារៀងរាល់២ខែម្តង ហើយបង្កឱ្យមានការខឹងសម្បារពីចិន ខណៈសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាកាណាដានិងចក្រភពអង់គ្លេសជាដើម ក៏បាននាំគ្នាបញ្ជូននាវាចម្បាំង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ម្តងម្កាលផងដែរ។ ចិនចោទថា សកម្មភាពទាំងនេះ គឺជាទង្វើមានចេតនាបំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕