(វ៉ាស៊ីនតោន)៖ ការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីដោយប្រើគ្រាប់បែកប្រភេទ Glide Bombs លើបណ្ដាទីក្រុងរបស់អ៊ុយក្រែន នាប៉ុន្មានសប្ដាហ៍មកនេះ បាន និងកំពុងជំរុញឱ្យ មានការជជែកវែកញែកយ៉ាងផុលផុសសាជាថ្មីថាតើអ៊ុយក្រែនគួរតែទទួលបានការអនុញ្ញាត ក្នុងការប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយលោកខាងលិចវាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅ ក្នុងទឹកដីរុស្ស៉ី ដែរឬទេ?
កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរថាតើសហរដ្ឋអាមេរិក នឹងបើកភ្លើងបៃតងឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធផ្ដល់ដោយទីក្រុងវ៉ាស៊ីនតោន វាយប្រហារ ចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែរឬទេ? លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា«បច្ចុប្បន្ន យើងកំពុងពិចារណា»។ ខណៈលោក បៃដិន ហាក់បង្ហាញសញ្ញាថា «នឹងអូខេ» បញ្ហាដ៏រសើបមួយនេះ នឹងត្រូវដាក់នៅលើតុពិភាក្សា នៅពេលលោក បៃដិន ត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីមេដឹកនាំទាំង២ បានបញ្ជូនប្រមុខការទូតរបស់ពួកគេ បំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវកាលពីថ្ងៃពុធ ដើម្បីស្ដាប់ការទទូចសុំចុងក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី។
អ៊ុយក្រែនបានស្នើសុំជាច្រើនខែមកហើយ ដើម្បីអាចប្រើមីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិចវាយប្រហារលើគោលដៅយោធាបន្ថែមទៀត ដែលរុស្ស៉ីបានប្រើដើម្បីវាយប្រហារដោយមីស៊ីល និងជាមូលដ្ឋានឈរជើងរបស់យន្ដហោះចម្បាំង ដែលតែងតែធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកប្រភេទ Glide Bombs លើកងកម្លាំង និងបណ្ដាទីក្រុងរបស់អ៊ុយក្រែន។ លោក បៃដិន បានដាក់កំហិតឱ្យ អ៊ុយក្រែនអាចប្រើអាវុធផ្ដល់ដោយអាមេរិកដូចជាកាំភ្លើងធំ វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ីក្នុងចម្ងាយ ៦០ម៉ៃយ៍ ឬស្មើនឹង៩៦គីឡូម៉ែត្រពីព្រំដែនអន្តរជាតិរវាងរុស្ស៉ី និងអ៊ុយក្រែន។ បើតាម ក្រុមមន្ត្រីអាមេរិក អង់គ្លេស និងបារាំងដែលបានផ្ដល់មីស៊ីលចម្ងាយឆ្ងាយឱ្យអ៊ុយក្រែនផងនោះ ប្រហែលជាកំពុងរង់ចាំពាក្យ «Yes» ពីលោក ចូ បៃដិន មុននឹងពួកគេអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ប្រើប្រាស់មីស៊ីលអឺរ៉ុបវាយប្រហារលើទឹកដីរុស្ស៉ី។ កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំងបានព្រមានថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមស្រប បើលោកខាងលិចអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់ មីស៊ីលលើទឹកដីរុស្ស៉ី។ លោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានព្រមានដែរថាសហរដ្ឋអាមេរិក និង NATO នឹងត្រូវធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី បើរឿងមួយនេះពិតជាកើតឡើងមែននោះ។ ប៉ុន្តែ ការសម្លុតគំរាមរបស់រុស្ស៉ីកន្លងមក គ្រាន់តែជាការកម្លាមួយប៉ុណ្ណោះ។ ជាឧទាហរណ៍៖ ការបញ្ជូនរថក្រោះលោកខាងលិច យន្ដហោះចម្បាំង F-16 រួមទាំងការវាយលុករបស់អ៊ុយក្រែនចូលក្នុងតំបន់ Kurst របស់រុស្ស៉ី មិនបានជំរុញឱ្យមូស្គូសងសឹកដោយផ្ទាល់ប្រឆាំង NATO នោះទេ។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញលោកខាងលិចជឿថាការសងសឹករបស់រុស្ស៉ី វាក៏អាស្រ័យដែរថាតើ ការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធលោកខាងលិច អាចបង្កការខូចខាតកម្រិតណាដល់រុស្ស៉ី ឬក៏ថាតើវាអាចធ្វើឱ្យស្ថានការណ៍សង្រ្គាមក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនផ្អៀងទៅខាង ទីក្រុងកៀវឬក៏អត់? ខាងក្រោមនេះជាប្រភេទអាវុធដែលអ៊ុយក្រែនអាចប្រើ បើទទួលបានភ្លើងបៃតង៖
*ATACMS (អេតាក់ខឹម)
បច្ចុប្បន្ន លោក ចូ បៃដិន ទំនងជាកំពុងធ្វើការពិចារណាថាតើគួរតែអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS លើទឹកដីរុស្ស៉ីដែរឬទេ? សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីល ATACMS ដែលបាញ់បានចម្ងាយ ៣០៥គីឡូម៉ែត្រ ទៅឱ្យទីក្រុងកៀវកាលពីឆ្នាំមុន។ លោក បៃដិន មិនបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលប្រភេទនេះវាយប្រហារលើទឹកដីរុស្ស៉ីនោះទេ។ កាលពីខែឧសភា លោក បៃដិន បានយល់ព្រមឱ្យអ៊ុយក្រែនប្រើអាវុធមួយចំនួនផ្ដល់ដោយអាមេរិកដូចជាកាំភ្លើងធំ វាយប្រហារលើមូលដ្ឋានយោធាលើទឹកដីរុស្ស៉ី ដែលត្រូវបានប្រើ ដើម្បីវាយប្រហារលើតំបន់ព្រំដែនអ៊ុយក្រែន ក្នុងនោះរួមមានទាំងទីក្រុង Kharkiv។ ប៉ុន្តែ លោក បៃដិន នៅតែមានការស្ទាក់ស្ទើរផងដែរក្នុងការបើកដៃឱ្យអ៊ុយក្រែនប្រើ ATACMS ជាពិសេសក្រោយមានការព្រមានពីចារកម្មអាមេរិកថារុស្ស៉ីអាចនឹង សងសឹកវិញតាមរយៈការជួយអ៉ីរ៉ង់វាយប្រហារលើកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ តាមកាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប លោក បៃដិន អាចនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិចដូចជាបារាំង និងអង់គ្លេស វាយប្រហារលើទឹកដីរុស្ស៉ី តែមិនទាន់ធ្វើការសម្រេចចិត្តនោះទេ ហើយក៏ប្រហែលជាអាចនឹង យល់ព្រមឱ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយអង់គ្លេស និងបារាំង ដោយរង់ចាំមើលស្ថានការណ៍សិន មុននឹងអាចសម្រេចចិត្តអនុញ្ញាតតាមក្រោយឱ្យអ៊ុយក្រែនប្រើប្រាស់ ATACMS។
* F-16
យន្ដហោះចម្បាំង F-16 បានទៅដល់ដៃអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។ អ៊ុយក្រែនមិនបានបង្ហើបឱ្យដឹងថាខ្លួនទទួលបានយន្ដហោះចម្បាំងនេះប៉ុន្មានគ្រឿងទេ តែគេជឿជាក់ថាអាចមាន ១២គ្រឿង។ ខណៈក្រុមមន្ត្រីអ៊ុយក្រែននិយាយថាពួកគេនឹងប្រើ F-16 ដោយផ្តោតជាសំខាន់លើការការពារដែនអាកាស ដូចជាបាញ់ទម្លាក់មីស៊ីលគ្រូសរុស្ស៉ី គេក៏រំពឹងថា F-16 អាចនឹងត្រូវបានប្រើនៅក្នុងបេសកកម្ម ប្រយុទ្ធផងដែរ។ ប្រសិនបើប្រើក្នុងការវាយប្រហារពីអាកាសទៅដី F-16 អាចបាញ់មីស៊ីលលើគោលដៅស្ថិតនៅចម្ងាយ ៥០០ម៉ៃយ៍ ឬជាង ៨០០គីឡូម៉ែត្រ។ នេះបើតាមកងទ័ពអាកាសអាមេរិក។ F-16 ថែមទាំងអាចដើរតួនាទីសំខាន់ទៀតផង ក្នុងការបាញ់ស្កាត់ទម្លាក់គ្រាប់បែកប្រភេទ Glide Bombs។ រីឯ ក្រុមអ្នកជំនាញវិញបាននិយាយថាអ៊ុយក្រែនមានបំណងប្រើ F-16 ដើម្បីស្ទាក់យន្ដហោះចម្បាំង រុស្ស៉ី ដើម្បីរារាំងកុំឱ្យយន្ដហោះចម្បាំងទាំងនោះបាញ់គ្រាប់បែក Glide Bombs។ តែមិនទាន់ច្បាស់ថាតើអ៊ុយក្រែននឹងប្រើ F-16 ក្នុងទឹកដីរុស្ស៉ី ដែរឬយ៉ាងណាទេ ហើយណាប្រទេសជាសមាជិក NATO មួយចំនួនដែលបានផ្ដល់យន្ដហោះចម្បាំងដ៏ទំនើបមួយនេះឱ្យអ៊ុយក្រែន នៅតែខ្វែងគំនិតគ្នាថាតើគួរឱ្យអ៊ុយក្រែនប្រើយន្ដហោះចម្បាំងនេះ ក្នុងទឹកដីរុស្ស៉ី ឬក៏អត់?
* មីស៊ីល JASSM, Storm Shadow និង SCALP
រដ្ឋបាលលោក បៃដិន ត្រូវបានរាយការណ៍ថាក៏បានត្រៀមលក្ខណៈផងដែរក្នុងការផ្ដល់ឱ្យអ៊ុយក្រែននូវមីស៊ីលគ្រូសដែលអាចបាញ់ចេញពីយន្ដហោះចម្បាំង F-16។ មីស៊ីលគ្រូសទាំងនោះរួមមាន មីស៊ីល Joint Air-to-Surface Standoff Missile ឬ JASSM គឺជាអាវុធស៊េរីចាស់ តែអាចបាញ់បានចម្ងាយ ២៣០ម៉ៃយ៍ ឬ ៣៧០គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១០០០ផោន ហើយអាចវាយប្រហារ លើគោលដៅដូចជាមូលដ្ឋានទ័ពអាកាស និងឃ្លាំងស្ដុកអាវុធស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី ដោយមិនចាំបាច់ហោះចេញពីដែនអាកាសអ៊ុយក្រែនទេ។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកបាននិយាយថាទោះជាអាមេរិក សម្រេចចិត្តផ្ដល់មីស៊ីល JASSM ទៅឱ្យអ៊ុយក្រែនក៏ដោយ ក៏វាត្រូវចំណាយពេលច្រើនខែដែរ។
បារាំង និងអង់គ្លេស ក៏បានបញ្ជូនមីស៊ីលគ្រូសបាញ់ចេញពីយន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែនរួចហើយដែរ និងមកទល់នឹងបច្ចុប្បន្ន អ៊ុយក្រែនបានប្រើមីស៊ីលផ្គត់ផ្គង់ដោយប្រទេសទាំង២ វាយប្រហារលើ តំបន់គ្រីមៀ និងសមុទ្រខ្មៅ។ មីស៊ីល Storm Shadows និង SCALP ដែលបារាំង និងអង់គ្លេសផ្ដល់ឱ្យទីក្រុងកៀវ អាចបាញ់បានចម្ងាយ ២៤៩គីឡូម៉ែត្រ។
គួរបញ្ជាក់ថា អ៊ុយក្រែន ឥលូវមានសមត្ថភាពវាយប្រហារលើទឹកដីរុស្ស៉ីដោយប្រើដ្រូនផលិតក្នុងស្រុក និងកំពុងធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីមួយដែលអាចប្រើបាន ដោយមិនចាំបាច់សុំការអនុញ្ញាត ពីលោកខាងលិច។ អ្នកជំនាញយោធា២រូប គឺលោក John Hoehn និងលោក William Courtney បានកត់សម្គាល់នៅក្នុងអត្ថបទវិភាគមួយចេញផ្សាយដោយវិទ្យាស្ថាន Rand Corporation កាលពី ខែមិថុនាថា «ខណៈអ៊ុយក្រែនទទួលបានអាវុធ និងបច្ចេកវិទ្យាថ្មីៗពីលោកខាងលិច អ៊ុយក្រែនអាចដោះស្រាយការគំរាមកំហែងបានយ៉ាងល្អប្រសើរ ប៉ុន្តែលោកខាងលិចក៏ចាំបាច់ត្រូវតែបង្ហាញភាពបត់បែន បន្ថែមអំពីលក្ខខណ្ឌដែលខ្លួនបានកំណត់លើអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធទំនើបៗទាំងនោះ»៕