(កាប៊ុល)៖ យ៉ាងហោចណាស់មានមនុស្ស ១៤នាក់បានស្លាប់ និង ៦នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារដោយជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះ។

ក្រុមរដ្ឋអ៊ីស្លាម (IS) បានអះអាងថា ពួកគេជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលបានកើតឡើងទៅលើក្រុមអ្នកធ្វើដំណើរ ដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអះ (Shiite) នៅពេលពួកគេកំពុងធ្វើដំណើររវាងខេត្ត Ghor និង Daikundi។

អ្នកនាំពាក្យតាលីបង់ បានថ្កោលទោស «សកម្មភាពឃោរឃៅ» នេះ និងបានប្តេជ្ញាចិត្តតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។ អ៊ីរ៉ង់ក៏បានថ្កោលទោសការវាយប្រហារនេះ ដោយហៅវាថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងជនស៊ីវិលគ្មានទីពឹង និងអំពាវនាវឱ្យមានការដាក់ទោសជនល្មើស។

តាមរយៈទីភ្នាក់ងារសារព័ត៌មាន IRNA លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ក្រុមនេះបានកំណត់គោលដៅលើក្រុមមនុស្ស ដែលកំពុងតែទទួលស្វាគមន៍អ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអះ (Shiite) អាហ្វហ្គានីស្ថាន ដែលត្រឡប់មកពីទស្សនាទីសក្ការៈបូជានៅប្រទេសអ៊ីរ៉ាក់។ លោកបានអំពាវនាវឱ្យមានសកម្មភាពភ្លាមៗដើម្បីដាក់ទោសអ្នកដែលនៅពីក្រោយឧក្រិដ្ឋកម្មនេះ៕