(មូស្គូ)៖ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះ សេវាកម្មសន្តិសុខ FSB របស់រុស្ស៉ី បានប្រកាសឈប់ទទួលស្គាល់ អ្នកការទូតអង់គ្លេសចំនួន ៦រូប នៅក្នុងទីក្រុងមូស្គូ ដោយនិយាយថា មានសញ្ញាបង្ហាញពីសកម្មភាពការងារចារកម្ម និងវិច្ឆេទកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្ថានទូតអង់គ្លេសប្រចាំទីក្រុងមូស្គូ នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំបញ្ជាក់ពី Reuters នោះទេ។ FSB និយាយថា ខ្លួនមានឯកសារបង្ហាញថា ការិយាល័យនៃនាយកដ្ឋានកិច្ចការបរទេសអង់គ្លេស ដែលទទួលខុសត្រូវការងារអឺរ៉ុបខាងកើត និងអាស៉ីកណ្តាល កំពុងសម្របសម្រួលដល់សកម្មភាពដែលអាចចាត់ទុកថា ជាការជំរុញភាពតានតឹងផ្នែកនយោបាយ និងស្ថានភាពយោធា ហើយថែមទាំងបានធានាថារុស្ស៉ី នឹងបរាជ័យ​ក្នុងជា​យុទ្ធសាស្ត្រ​ក្នុង​សង្គ្រាម​របស់ខ្លួន ប្រឆាំង​អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់ FSB គូសបញ្ជាក់ថា «អ្វីដែលបានលាតត្រដាងនេះ គ្រប់គ្រាន់ដើម្បីពិចារណាថា សកម្មភាពរបស់អ្នកការទូតអង់គ្លេស ដែលត្រូវបានបញ្ជូនមកទៅកាន់ទីក្រុងមូស្គូ គឺជាការគំរាមកំហែងដល់សន្តិសុខរុស្ស៉ី។ ផ្អែកលើមូលដ្ឋាននៃឯកសារដែលបានរកឃើញ ហើយជាចំណាត់ការឆ្លើយតបចំពោះប្រទេសអមិត្តនឹងរុស្ស៉ី ក្រសួងការបរទេសសូមបញ្ចប់​ការ​ទទួល​ស្គាល់​សមាជិក​ ៦នាក់ នៅ​នាយកដ្ឋាននយោបាយ​នៃ​ស្ថានទូត​អង់គ្លេស​ប្រចាំទីក្រុង​មូស្គូ»៕