(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនសង្ឃឹមអាចទទួលបានការមកដល់ដំបូង នៃយន្តហោះចម្បាំង F-16V ថ្មី ពីសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

កាលពីឆ្នាំ២០១៩ អាមេរិកបានអនុម័ត ការលក់ក្នុងតម្លៃ៨ពាន់លានដុល្លារ នូវយន្តហោះចម្បាំង F-16 ស៊េរីថ្មី ផលិតដោយក្រុមហ៊ុន Lockheed Martin មកឱ្យកោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឱ្យកងយន្តហោះចម្បាំង F-16 របស់ដែនកោះនេះ កើនដល់២០០គ្រឿង ដែលច្រើនជាងគេបង្អស់ប្រចាំនៅអាស៉ី។

តៃវ៉ាន់បាននិងកំពុងកែច្នៃ យន្តហោះចម្បាំង F-16A/B ចំនួន១៤១គ្រឿង ទៅជាស៊េរី F-16V ហើយបានបញ្ជាទិញ F-16V ថ្មី ចំនួន៦៦គ្រឿង ដែលមានបំពាក់ប្រព័ន្ធគ្រប់គ្រងបញ្ជា ប្រព័ន្ធរ៉ាដា និងសព្វាអាវុធទំនើបៗ ពីអាមេរិក ដើម្បីពង្រឹងសមត្ថភាពទប់ទល់​ជាមួយ កងទ័ពអាកាសចិន ដែលរួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ J-20។ យ៉ាងណាមិញ តៃវ៉ាន់បានត្អូញត្អែរចំពោះ​ការពន្យារពេលម្តងហើយម្តងទៀត នៃការប្រគល់យន្តហោះ F-16V ទាំងនោះ។

គួរបញ្ជាក់ថា កងទ័ពអាកាសតៃវ៉ាន់មានទំហំតូច ប៉ុន្តែមានការហ្វឹកហាត់សមត្ថភាពរឹងមាំ។ យ៉ាងណាមិញ យន្តហោះចម្បាំងមួយចំនួនរបស់តៃវ៉ាន់ គឺមានអាយុចាស់ៗណាស់ទៅហើយ រួមមានទាំងកងយន្តហោះ Mirage-2000 ផលិតដោយបារាំង ដែលខ្លួនទទួលបាន​ដំបូងតាំងតែពីឆ្នាំ១៩៩៧។ យន្តហោះចម្បាំងនោះ១គ្រឿង ទើបតែធ្លាក់ចូលសមុទ្រក្នុងសប្តាហ៍នេះ អំឡុងបេសកកម្មហ្វឹកហ្វឺន៕