(ញូវយ៉ក)៖ មន្រ្តីប៉ូលិសជាន់ខ្ពស់បំផុតនៅទីក្រុង New York នៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ពាក្យសុំលាលែងពី​តំណែង ចំពេលមាន ការស៉ើបអង្កេតអំពើពុករលួយ ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ នៃរដ្ឋបាលទីក្រុងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

អភិបាលក្រុង ​New York លោក Eric Adams បានប្រកាសថា លោកបានទទួលយក ការសុំលាលែងពីតំណែងរបស់លោក Edward Caban ស្នងការប៉ូលិសទីក្រុង New York ដែលជាស្ថាប័នប៉ូលិសធំជាងគេបង្អស់នៅអាមេរិក ហើយមានមន្រ្តីប៉ូលិស​ពាក់ឯកសណ្ឋានសរុប ៣៥,០០០នាក់។

មកទល់ពេលនេះ មិនទាន់មានការចោទប្រកាន់បទល្មើស​ព្រហ្មទណ្ឌណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ ហើយអាជ្ញាធរសហព័ន្ធអាមេរិក ក៏មិនទាន់បកស្រាយឱ្យច្បាស់ថា ពួកគេកំពុងស៉ើបអង្កេតអ្វីឱ្យប្រាកដដែរ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយ ABC News ការស៉ើបអង្កេតមួយក្នុងចំណោមនោះ កំពុងកំណត់គោលដៅទៅលើ កិច្ចសន្យារបស់ទីក្រុង និងមួយទៀតផ្តោតលើអនុវត្តច្បាប់ ពាក់ព័ន្ធសេវាកម្មកម្សាន្តពេលរាត្រី។

គួរបញ្ជាក់ថា លោក Caban ទើបត្រូវបានលោក Adams តែងតាំងជាស្នងការប៉ូលិសទីក្រុង New York កាលពីឆ្នាំ២០២៣។ លោក Caban អាយុ៥៧ឆ្នាំ បានស្ថិតក្រោមសម្ពាធ ឱ្យលាលែងពីតំណែង បន្ទាប់ពីក្រុមភ្នាក់ងារសហព័ន្ធ បានរឹបអូសទូរស័ព្ទដៃរបស់​លោក ព្រមទាំងទូរស័ព្ទរបស់សមាជិកជាន់ខ្ពស់ដទៃទៀត នៅក្នុងរដ្ឋបាលរបស់លោក Adams៕