(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះបានឱ្យដឹងថាខ្លួនបានចល័តយន្ដហោះចម្បាំងភ្លាមៗ បន្ទាប់ពីយន្ដហោះយោធារុស្ស៉ីហោះក្រវែលជុំវិញប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមក្រសួងការពារជាតិជប៉ុន ចាប់ពីព្រឹក រហូតដល់រសៀលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យន្ដហោះរុស្ស៉ី Tu-142 បានហោះចេញពីសមុទ្រស្ថិតនៅចន្លោះរវាងជប៉ុន និងកូរ៉េខាងត្បូង ឆ្ពោះទៅកាន់កោះអូគីណាវ៉ា នៃភាគខាងត្បូងប្រទេសជប៉ុន។ បន្ទាប់មក យន្ដហោះរុស្ស៉ីបានហោះក្នុងទិសដៅឆ្ពោះទៅទិសខាងជើងលើ មហាសមុទ្រប៉ាស៊ីហ្វិក ហើយបញ្ចប់ការហោះហើរនៅកោះហុកកៃដូ នៃភាគខាងជើងប្រទេស។ ក្រុមមន្ត្រីជប៉ុនបាននិយាយថាយន្ដហោះនេះមិនបានហោះចូលក្នុងដែនអាកាសជប៉ុន នោះទេ ប៉ុន្តែបានហោះពីលើតំបន់វិវាទដែនទឹករវាងជប៉ុន និងរុស្ស៉ី។

ក្រសួងការពារជាតិជប៉ុនបានបន្ថែមថាជាការឆ្លើយតប ខាងក្រសួងបានចល័តយន្ដហោះចម្បាំង ក្រោមស្ថានការណ៍បន្ទាន់។

គួរបញ្ជាក់ថា លើកចុងក្រោយបំផុតដែលយន្ដហោះយោធារុស្ស៉ីហោះក្រវែលជុំវិញប្រទេសជប៉ុន គឺកើតឡើងក្នុងឆ្នាំ២០១៩ តែយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ីនៅពេលនោះ ក៏មិនបាន ហោះចូលក្នុងដែនអាកាសជប៉ុននោះដែរ។ កាលពីដើមសប្ដាហ៍នេះ នាវាចម្បាំងរុស្ស៉ី និងចិនក៏បានចាប់ផ្ដើមផងដែរការធ្វើសមយុទ្ធយោធារួមគ្នានៅឯតំបន់សមុទ្រជប៉ុន៕