(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានជួបជាមួយលោក Edmundo Gonzalez មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួនរបស់វេណេស៊ុយអេឡានៅទីក្រុង Madrid បន្ទាប់ពីសភាអេស្ប៉ាញបានទទួលស្គាល់ លោក Gonzalez ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅវេណេស៊ុយអេឡាកាលពីខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

លោក Gonzalez បានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទសមគំនិត និងឧក្រិដ្ឋកម្មផ្សេងទៀតដោយអាជ្ញាធរវេណេស៊ុយអេឡា ហើយខណៈពេលនោះលោក Sanchez កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន។

លោក Sanchez បានស្វាគមន៍លោក Gonzalez យ៉ាងកក់ក្តៅនៅក្នុងប្រទេសអេស្ប៉ាញ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេស្ប៉ាញ ក្នុងការគាំទ្រប្រជាជនវេណេស៊ុយអេឡា។ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសវេណេស៊ុយអេឡា និងតម្រូវការក្នុងការសហការគ្នាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ទោះបីជាគណបក្សប្រឆាំងវេណេស៊ុយអេឡាអះអាងថា លោក Gonzalez បានឈ្នះការបោះឆ្នោតកាលពីខែកក្កដាក៏ដោយ ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Nicolas Maduro ជាអ្នកឈ្នះ។

សភាអេស្បាញបានអនុម័តលើសំណើមួយ ដែលជំរុញឱ្យរដ្ឋាភិបាលទទួលស្គាល់លោក Gonzalez ជាប្រធានាធិបតីជាប់ឆ្នោត ប៉ុន្តែរដ្ឋាភិបាលអេស្ប៉ាញនៅតែបន្តជំរុញឱ្យមានការចេញផ្សាយលទ្ធផលបោះឆ្នោតលម្អិត ខណៈដែលមិនទាន់ទទួលស្គាល់ថាលោក Maduro ឬ Gonzalez ជាអ្នកឈ្នះនៅឡើយទេ។

សភាវេណេស៊ុយអេឡាបានស្នើឱ្យរដ្ឋាភិបាលលោក Maduro កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងម៉ាឌ្រីដ ដើម្បីឆ្លើយតបនឹងសំណើរបស់សភាអេស្ប៉ាញ៕