(ញូវដេលី)៖ រដ្ឋមន្រ្តីអាកាសចរណ៍ស៉ីវិលឥណ្ឌា លោក Ram Mohan Naidu Kinjarapu បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌា និងចិនកំពុង ពិភាក្សាអំពីការបើកជើងហោះហើរដឹកអ្នកដំណើរឡើងវិញ ក្នុងពេលឆាប់ៗ ដែលជាសញ្ញា​បង្ហាញ​ថា ចរចរណ៍​ផ្លូវ​អាកាស​នៃប្រទេសទាំងពីរ ​អាច​ងើប​ឡើង​វិញ​បន្ទាប់​ពី​ ៤ឆ្នាំកន្លងមក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Kinjarapu និយាយថា លោកបានជួបប្រធានរដ្ឋបាលអាកាសចរណ៍ស៉ីវិលចិន លោក Song Zhiyong នៅខាងក្រៅសន្និសីទ ថ្នាក់រដ្ឋមន្ត្រីអាស៉ីប៉ាស៊ីហ្វិកស្តីពីវិស័យអាកាសចរណ៍ស៉ីវិល ក្នុងទីក្រុងញូវដេលី។ តាមសារបង្ហោះ លើបណ្តាញសង្គម X របស់លោក Kinjarapu «ភាគីទាំងពីរ ពិភាក្សាគ្នាពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ អាកាសចរណ៍ស៉ីវិល ជាពិសេសការជំរុញឱ្យមានការបើកជើងហោះហើរដឹកអ្នកដំណើរ ដែលបានគ្រោងទុក»។

គួរបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ឡើងវិញ នឹងជួយដល់ប្រទេសទាំងពីរដូចគ្នា ប៉ុន្តែមានភាគរយខ្ពស់សម្រាប់ចិន ដែលទើបនឹងងើបឡើងវិញពីជំងឺកូវីដ១៩ ហើយមិនទាន់អាចឡើងដល់កម្រិត ដូចវិស័យអាកាសចរណ៍របស់ឥណ្ឌានោះទេ៕