(អ៉ីស្តង់ប៊ុល)៖ ប្រទេសតួកគី បានប្រកាសថ្កោលទោសការចុះកិច្ចព្រមព្រៀង បង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិទាំងក្របខណ្ឌផ្លូវការ និងក្រៅផ្លូវការរវាងសហរដ្ឋអាមេរិក ជាមួយសាធារណៈរដ្ឋស៉ីប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០២៤។

ចំណាត់ការនេះធ្វើឡើងចំពេលដែលអង្គការសហប្រជាជាតិ (UN) ប្រឹងប្រែងស្វែងរកមូលដ្ឋានរួម ដើម្បីបន្តការចរចា ដែលជាប់គាំងជាយូរមក ហើយសហគមន៍ដែលជាគូប្រជែងគ្នា គឺសហគមន៍អ្នកមានដើមកំណើតក្រិក (Greek Cypriot) និងសហគមន៍មានអ្នកដើមកំណើតតួកគី (Turkish Cypriot) នៅលើប្រទេសដែនកោះនៃសមុទ្រមេឌីទែរ៉ាណេមួយនេះ ដែលមានបែកបាក់អស់ជាច្រើនទសវត្សរ៍។

ក្រសួងកាបរទេសតួកគីបញ្ជាក់ថា ចំណាត់ការរបស់សហរដ្ឋអាមេរិក រួមទាំងសេចក្តីប្រកាសកាលពីខែមិថុនា ឆ្នាំមុន អំពីការចាប់ផ្តើមកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយប្រទេសស៉ីប គឺជាការរំខានដល់សន្តិសុខរបស់សហគមន៍ Turkish Cypriot នៃកោះនេះ។ រាល់ចំណាត់ការទាំងអស់ ធ្វើឱ្យខូចជំហរអព្យាក្រឹតរបស់សហរដ្ឋអាមេរិកចំពោះប្រទេសស៉ីប និងធ្វើឱ្យកាន់តែលំបាក ថែមទៀត ក្នុងការឈានទៅដល់ការដោះស្រាយបញ្ហារបស់ប្រទេសនេះ ដោយយុត្តិធម៌ និងជាអចិន្ត្រៃយ៍។

គួរបញ្ជាក់ថា ប្រទេសស៉ីប ត្រូវបានបែងចែក នៅក្នុងការឈ្លានពានរបស់តួកគី ឆ្នាំ១៩៧៤ បន្ទាប់ពីរដ្ឋប្រហាររយៈពេលខ្លី ដែលបំផុសគំនិតដោយក្រិក។ ការ​ចរចា​សន្តិភាព​ត្រូវ​បាន​ផ្អាក​តាំង​ពី​ឆ្នាំ ២០១៧។ បច្ចុប្បន្នសហគមន៍ Turkish Cypriot កំពុងគ្រប់គ្រងរដ្ឋបំបែកខ្លួន នៅឯភាគខាងជើងនៃប្រទេសស៉ីប និងដែលត្រូវបានទទួលស្គាល់តែពីទីក្រុងអង់ការ៉ាប៉ុណ្ណោះ៕