(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ម្នាក់របស់សហរដ្ឋអាមេរិក ត្រូវបានផ្ដន្ទាទោសកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឱ្យជាប់ពន្ធនាគារ១០ឆ្នាំ បន្ទាប់ពីរូបគេបានសារភាព ពីការប្រព្រឹតទោសកំហុស ពាក់ព័ន្ធនឹងការធ្វើចារកម្មឱ្យចិន។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក Alexander Yuk Ching Ma មានអាយុ ៧១ឆ្នាំ បានឈានដល់កិច្ចព្រមព្រៀងសារភាពពីទោសកំហុសជាមួយរដ្ឋអាជ្ញាអាមេរិក កាលពីខែឧសភាកន្លងទៅ ដើម្បីទទួលបានការបន្ធូរបន្ថយ ទោស។ អតីតចារកម្ម CIA រូបនេះបានសារភាពថាខ្លួនពិតជាបានសមគំនិតក្នុងការប្រមូលព័ត៌មាន និងលក់ព័ត៌មានទៅឱ្យចិន។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងយុត្តិធម៌អាមេរិក។

ក្រសួងបន្ថែមថា លោក Ma ដែលធ្លាប់បម្រើការឱ្យ CIA ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៩ បានសមគំនិតជាមួយសាច់ញាតិម្នាក់របស់ខ្លួន ដែលបានទទួលមរណភាពទៅហើយ និងក៏ធ្លាប់ធ្វើការឱ្យ CIA ផងដែរ។ ពួកគេទាំង២ ត្រូវបានទាក់ទងដោយមន្ត្រីចារកម្មចិន ក្នុងខែមីនា ឆ្នាំ២០០១ ហើយបានលក់ព័ត៌មានសម្ងាត់មួយចំនួនអំពីកិច្ចការយោធាទៅឱ្យចិន ជាថ្នូរនឹងប្រាក់ ៥០ ០០០ដុល្លារ៕