(គែរ)៖ ក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា បាននិយាយថាក្រុមអ្នកចរចារបស់ខ្លួន បានបញ្ជាក់ឡើងវិញពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអនុវត្តបទឈប់បាញ់បន្ទាន់ ជាមួយអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ឈរលើមូលដ្ឋាននៃផែនការបទឈប់បាញ់របស់សហរដ្ឋអាមេរិក ដោយមិនមានលក្ខខណ្ឌថ្មីពីភាគីណាមួយនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឱ្យដឹងទៀតថាក្រុមអ្នកចរចារបស់ខ្លួនដឹកនាំដោយមន្ត្រីជាន់ខ្ពស់ លោក Khalil al-Hayya បានជួបជាមួយក្រុមអ្នកសម្របសម្រួល កាលពី ថ្ងៃពុធ ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani និងប្រមុខចារកម្មអេហ្ស៉ីប លោក Abbas Kamel ក្នុងទីក្រុងដូហា ដើម្បី ពិភាក្សាគ្នាពីស្ថានការណ៍វិវត្តន៍ចុងក្រោយក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា កិច្ចចរចាស្វែងរកបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា បានបរាជ័យជាច្រើនលើក ដោយសារតែការខ្វែងគំនិតគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស លើបញ្ហាមួយចំនួន ជាពិសេសគឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់អ៉ីស្រាអែលលើច្រករបៀង Philadelphi ស្ថិតនៅចន្លោះរវាងព្រំដែនតំបន់ហ្កាហ្សា និងអេហ្ស៉ីប។ ប្រមុខចារកម្មអាមេរិក លោក William Burns ដែលជាប្រធានក្រុមអ្នកចរចាអាមេរិកស្ដីពីសង្រ្គាមហ្កាហ្សាផងនោះ បាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថាសេចក្ដីលម្អិតបន្ថែមអំពីសំណើបទឈប់បាញ់អាចនឹងត្រូវធ្វើឡើង ក្នុងពេលជា ច្រើនថ្ងៃខាងមុខ។

ផែនការបទឈប់បាញ់ហ្កាហ្សារបស់សហរដ្ឋអាមេរិក បញ្ចេញដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីខែមិថុនាកន្លងទៅ មានចែងពីបទឈប់បាញ់ ៣ដំណាក់កាល ជាថ្នូរនឹងការដោះលែង ចំណាប់ខ្មាំងនៅសេសសល់ ក្នុងនោះរួមមានទាំងការដកកងទ័ពអ៉ីស្រាអែលចេញពីហ្កាហ្សា និងការកសាងតំបន់ហិនហោចមួយនេះឡើងវិញ៕