(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកប្រហែលជាកំពុងនាំគ្នាចោទសួរថាតើរវាងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស តើចិនចូលចិត្តមួយណាជាង ឬក៏ថាតើចិនចូលចិត្ត បក្សប្រជាធិបតេយ្យ ឬសាធារណរដ្ឋជាង។ បើត្រឡប់ទៅកាលពីឆ្នាំ១៩៧២ លោកប្រធាន ម៉ៅ សេទុង បានប្រាប់អតីតប្រធានាធិបតីអាមេរិក លោក Richard Nixon ថារូបលោកផ្ទាល់ ចូលចិត្តអ្នកនយោបាយស្ដាំនិយមនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចដទៃ។ លោកប្រធាន ម៉ៅ មិនបានបញ្ជាក់ពីហេតុផលនៃការពេញចិត្តរបស់លោកទេ តែ មើលទៅវាហាក់ដូចជាលោកមើលឃើញថាលោក Nixon និងមេដឹកនាំលោកខាងលិចស្ដាំនិយមផ្សេងទៀត ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខនៃ ប្រទេសរបស់ពួកគេ ផ្ទុយពីអ្នកនយោបាយឆ្វេងនិយមដែលផ្តោតលើមនោគមន៍វិជ្ជា និងគុណតម្លៃនយោបាយ។
នៅពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ២០១៧ ក្ដីកង្វល់ដ៏ធំរបស់លោកចំពោះចិន គឺឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ឱនភាព រួមទាំងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន ត្រូវបានចាត់ទុកជា «បញ្ហាសន្តិសុខជាតិ»។ រដ្ឋបាលលោក ត្រាំ ថែមទាំងបានចាត់ទុកចិនជា «មហាអំណាចសើរើនិយម» និងជា «គូប្រជែងយុទ្ធសាស្ត្រ» រីឯគណបក្សកុម្មុយនិស្ដចិនគឺជាការគំរាមកំហែងសម្រាប់ «មាគ៌ាជីវិតរបស់ប្រជាជនអាមេរិក» និងពិភពលោកសេរី។ ម្លោះហើយ ក្នុងជំនាន់លោក ត្រាំ សហរដ្ឋអាមេរិកបានដាក់ចេញវិធានការក្ដៅ និងប្រកួតប្រជែងជាមួយចិនស្ទើរតែគ្រប់វិស័យទាំងអស់។ ចាប់ផ្ដើមជាមួយពាណិជ្ជកម្ម រដ្ឋបាលលោក ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិន ហើយពង្រីកដល់ការបង្កើនការត្រួតពិនិត្យ និងរឹតត្បិតលើការវិនិយោគពីចិន រឹតបន្តឹងការនាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់ ក៏ដូចជាដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនចិនមួយចំនួន តួយ៉ាងដូចជាក្រុមហ៊ុន Huawei។
សម្រាប់បញ្ហាសន្តិសុខវិញ រដ្ឋបាលលោក ត្រាំ បានចាត់វិធានការជាច្រើនដើម្បីរក្សាឧត្តមភាពរបស់សហរដ្ឋអាមេរិក ដែលសព្វថ្ងៃត្រូវបានក្រុមអ្នកយុទ្ធសាស្ត្រហៅថា «យុទ្ធសាស្ត្រឥណ្ឌូ ប៉ាស៊ីហ្វិក»។ រដ្ឋបាលលោក ត្រាំ បានផ្ដល់ការធានារ៉ាប់រងសន្តិសុខជាពិសេសដល់តៃវ៉ាន់ និងមិនសូវមើលធ្ងន់លើ «គោលនយោបាយចិនតែមួយ» ទេ ព្រមទាំងផ្ដល់ធនធានថ្មីដល់ ក្រុមប្រទេសក្វាដ (Quad) ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ក្រោមកិច្ចប្រឹងប្រែងខ្ទប់ការកើនឡើងឥទ្ធិពលចិន និងបង្កើនសកម្មភាពយោធារបស់ អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច សំដៅប្រជែងនឹងការទាមទារទឹកដីរបស់ចិន។ ដោយឡែក និយាយដល់ទំនាក់ទំនងនយោបាយរវាងសហរដ្ឋអាមេរិក និងចិនវិញ លោក ត្រាំ មិនបានប្រកាន់ខ្ជាប់នូវមនោគមន៍វិជ្ជដាច់ខាតណាមួយនោះទេលើប្រព័ន្ធដឹកនាំ និងមេដឹកនាំរបស់ចិន។ ប៉ុន្តែ លោកបានបើកភ្លើងបៃតងឱ្យអតីតក្រុមមន្ត្រីរដ្ឋបាលរបស់លោក និងសភាអាមេរិកបង្កើនការរិះគន់គណបក្សកម្មុយនិស្ដចិន និងប្រព័ន្ធដឹកនាំ ជាពិសេសចំពោះគោលនយោបាយពាក់ព័ន្ធនឹងតំបន់ Xinjiang និងទីក្រុងហុងកុង។ រដ្ឋបាលលោក ត្រាំ បានបង្កើតទស្សនៈយ៉ាងទូលំទូលាយមួយជាមួយការសាបព្រោះនូវគំនិតចង់គេគ្រប់គ្នាចាត់ទុកចិនជាការគំរាមកំហែង។ ការណ៍នេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្លាស់ប្ដូរបញ្ញវន្ត អ្នកវិទ្យាសាស្រ្ត និងសង្គមរវាងប្រទេសទាំង២ ដែលធ្លាប់មានអស់រយៈពេលជាច្រើនទសវត្សរ៍។
ទាក់ទិននឹងការទូតពហុភាគី ទីក្រុងវ៉ាស៊ីនតោនក៏បានសាបព្រោះគំនិតចង់ឱ្យគេគ្រប់គ្នាមើលឃើញថាចិនជាការគំរាមកំហែងផងដែរ និងបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រជែងឥទ្ធិពល ចិន ព្យាយាមខ្ទប់ការពង្រីកតួនាទីរបស់ចិននៅលើឆាកអន្តរជាតិតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ រួមទាំងការកើនឡើងតួនាទីចិនក្នុងស្ថាប័នអង្គការសហប្រជាជាតិ។ ក្រោយមក នៅឆ្នាំ២០២០ ដែលជាឆ្នាំ សហរដ្ឋអាមេរិកត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតីដ៏មហាចម្រូងចម្រាស ការផ្ទុះរាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យទំនាក់ទំនងអាមេរិក និងចិនធ្លាក់ចុះ ដល់កម្រិតទាបបំផុតមួយមិនធ្លាប់មាន។ រដ្ឋបាលលោក ត្រាំ នៅពេលនោះបានចោទប្រកាន់ចិនត្រង់ៗថាជាអ្នកបង្កើតកូវីដ១៩ និងនាំជំងឺនេះចូលក្នុងទឹកដីអាមេរិក ជាហេតុនាំទៅរក ការផ្អាកនូវកិច្ចសន្ទនាទ្វេភាគីមួយចំនួនធំ និងប្រកាន់ជំហរអរិភាពចំពោះចិន។ នៅខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកបានបញ្ជាឱ្យស្ថានកុងស៊ុលចិន ក្នុងទីក្រុង Houston បិទទ្វារ ដោយចោទប្រកាន់ថាជាជង្រុកចារកម្មចិន។ តែទោះជាបែបនេះក្ដី រដ្ឋបាលលោក ត្រាំ នៅតែរក្សាភាពបត់បែន ដោយទោះជាដំឡើងពន្ធ និងដាក់ចេញវិធានការក្ដៅមួយចំនួនក៏ដោយ ក៏អាមេរិករបស់លោក ត្រាំ នៅតែបើកចំហទ្វារសម្រាប់កិច្ចចរចាពាណិជ្ជកម្ម និងបង្ហាញឆន្ទៈសម្រុះសម្រួលខ្លះៗលើបញ្ហារសើបដូចជា ការប្រកួតប្រជែងបច្ចេកវិទ្យា និងតៃវ៉ាន់។
លើសពីនេះទៅទៀត គោលនយោបាយ «America first ឬតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» បានធ្វើឱ្យវ៉ាស៊ីនតោនមិនសូវខ្វល់នឹងការសហការជាមួយបណ្ដាប្រទេសដទៃ លើ គោលនយោបាយរបស់ខ្លួនចំពោះចិន។ ជាលទ្ធផល រដ្ឋបាលលោក ត្រាំ មិនបានកសាង និងដឹកនាំប្រព័ន្ធពហុភាគីដ៏រឹងមាំមួយប្រឆាំងជាមួយចិននោះទេ ហើយនេះជាហេតុផលជំរុញឱ្យ ក្រុមអ្នកអត្ថាធិប្បាយចិនយល់ថាលោក ត្រាំ ផោ្តតចម្បងតែលើផលប្រយោជន៍នៅក្នុងផលចំណេញពាណិជ្ជកម្ម និងចិញ្ចឹមចិត្តចុះកិច្ចព្រមព្រៀងមួយជាមួយចិន។ ជាឧទាហរណ៍៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លោក ត្រាំ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំង ខណៈលោក ចូ បៃដិនមិនបានធ្វើទស្សនកិច្ចទៅចិននោះទេអំឡុងអាណត្តិជាប្រធានាធិបតីអាមេរិក មកទល់នឹងពេលនេះ។ នៅខែមករា ឆ្នាំ២០២០ លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ជាមួយចិន ក្នុងគោលបំណងដោះស្រាយភាពតានតឹង ពាណិជ្ជកម្ម។ តែនៅចុងអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ អ្នកនយោបាយជាច្រើនក្នុងសហរដ្ឋអាមេរិកបានរិះគន់ថា «សង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ ជាមួយចិន បានបរាជ័យ»។
ផ្ទុយគ្នាស្ទើរទាំងស្រុងពីរដ្ឋបាលលោក ត្រាំ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សព្វថ្ងៃ បាន និងកំពុងប្រជែងជាមួយចិនជាលក្ខណៈប្រព័ន្ធ និងយុទ្ធសាស្ត្រពហុភាគី នោះគឺរួមដៃជាមួយ ប្រទេសជាសម្ព័ន្ធមិត្ត និងជាដៃគូឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នៅក្នុងសុន្ទរកថាដំបូងស្ដីពីគោលនយោបាយការបរទេស ក្នុងខែកុម្ភៈ ឆ្នាំ២០២១ លោក បៃដិន បានចាត់ទុកចិន «ជាគូប្រជែងដ៏ពិតប្រាកដបំផុត» របស់សហរដ្ឋអាមេរិក ហើយសន្យាថានឹងប្រជែងជាមួយចិនត្រង់ៗ។ លោក បៃដិន បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តគម្រោងវិនិយោគហេរដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយឧស្សាហកម្ម ក្នុងចេតនាធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែមានលក្ខណៈប្រកួតប្រជែង និងមិនសូវពឹងផ្អែកលើចិន។ តួយ៉ាង ដើម្បីប្រជែងឱ្យមានប្រសិទ្ធភាពលើវិស័យបច្ចេកវិទ្យាទំនើបៗ រដ្ឋបាលលោក បៃដិន បានរឹតបន្តឹងលើការនាំចេញ ដំឡើងពន្ធថ្មីៗលើផលិតផលបច្ចេកវិទ្យាបៃតងរបស់ចិន ហើយ បង្កើនកិច្ចសហប្រតិបត្តិការលើផលិតផលបន្ទះឈីប ដូចជាបង្កើតសម្ព័ន្ធភាព Chip 4 ដែលមានជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក។
នៅអាស៊ី រដ្ឋបាលលោក បៃដិន បានបង្កើនសកម្មភាពយោធាអាមេរិក ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ លោក បៃដិន ក៏បានប្រមូលផ្ដុំកម្លាំងពីប្រទេសជាសមាជិក G7 ដើម្បីជំរុញគំនិតផ្ដួចផ្ដើម Build Back Better World និង Partnership for Global Infrastructure and Investment ផងដែរ ដែលសុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមមានគោលដៅប្រជែង ជាមួយគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ ម្យ៉ាងវិញទៀត ដោយមើលឃើញពីការកើនឡើងទំនាក់ទំនងរបស់ចិនជាមួយរុស្ស៉ី ចំពោះមុខសង្រ្គាមអ៊ុយក្រែន រដ្ឋបាលលោក បៃដិន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួនដែលរកស៊ីជាមួយរុស្ស៉ី។ ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានបង្កើតមនោគមន៍វិជ្ជាថ្មីមួយ នៅក្នុងការប្រជែងជាមួយចិនទៀតផង នោះគឺ «ប្រជាធិបតេយ្យប្រឆាំងនឹងផ្ដាច់ការ»។ ប៉ុន្តែ ស្រដៀងគ្នាទៅនឹងរដ្ឋបាលលោក ត្រាំខ្លះៗដែរ រដ្ឋបាលលោក បៃដិន នៅតែព្យាយាមរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ និងសហការជាមួយ ចិនលើកិច្ចការដែលអាចធ្វើទៅបាន ឬក៏តម្រូវត្រូវតែសហការគ្នា។ ហើយទោះជាផ្ដោតលើឥទ្ធិពលនយោបាយចិនក៏ពិតមែន រដ្ឋបាលលោក បៃដិន បានចាត់វិធានការ «បន្សាបនយោបាយ» និងស្ដារឡើងវិញនូវការផ្លាស់ប្ដូរបញ្ញវន្ត និងសង្គម រហូតឈានដល់ការលុបចោលគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ គឺការបង្រ្កាបលើក្រុមអ្នកស្រាវជ្រាវក្នុងសហរដ្ឋអាមេរិកដែល ទំនាក់ទំនងជាមួយអង្គភាព ឬក្រុមហ៊ុនចិន។ លោក បៃដិន បានជួបលោក ស៊ី ជីនពីង ចំនួន២លើកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ជាទីដែលមេដឹកនាំទាំង២ បានសន្យារក្សាទំនាក់ទំនងទ្វេភាគីឱ្យមានស្ថិរភាព។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ លោកស្រី កាម៉ាឡា ហារីស នឹងនៅតែរក្សាទុកគោលនយោបាយមួយភាគធំរបស់លោក ចូ បៃដិន ដែលអាចនឹងកាន់តែបង្កើនការប្រកួតប្រជែងជាមួយ ចិន និងពង្រឹងកិច្ចប្រឹងប្រែងរបស់លោក បៃដិន ក្នុងការកសាង ក៏ដូចជាពង្រឹងសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសជាដៃគូក្នុងតំបន់អាស៊ី ដើម្បីប្រជែងឥទ្ធិពលជាមួយ ចិន។ ដូច្នេះសម្រាប់អ្នកយុទ្ធសាស្ត្រចិន រវាងលោក ត្រាំ និងលោកស្រី ហារីស មិនថានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ទេ នឹងនៅតែបន្តផ្តោតជាអាទិភាព លើការប្រជែង និងខ្ទប់ការកើនឡើងឥទ្ធិពលចិន។ បានន័យថាចិនមើលមិនឃើញភាពខុសគ្នាច្រើនរវាងលោក ត្រាំ និងលោកស្រី ហារីសឡើយ ពោលគឺអ្នកទាំង២ មានគោលដៅប្រជែង ជាមួយចិនដូចគ្នា ខុសត្រង់វិធីសាស្ត្រតែប៉ុណ្ណោះ៕