(ដាក្កា)៖ ក្រុមមន្រ្តីក្នុងទីក្រុងដាក្កា (Dhaka) និយាយថា បង់ក្លាដែសកំពុងបង្កើនការប្រុងប្រយ័ត្ន នៅតាមព្រំដែនរបស់ខ្លួន ជាមួយមីយ៉ាន់ម៉ា ដោយជនមូស្លីមរ៉ូហ៊ីងយ៉ា ១៨,០០០នាក់បានឆ្លងកាត់ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ដើម្បីគេចចេញពីអំពើហិង្សា ដែលកំពុងកើនឡើង នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤។
មន្រ្តីម្នាក់នៃក្រសួងការបរទេសបង់ក្លាដែស បានឱ្យដឹងថា «ជនជាតិរ៉ូហ៉ីងយ៉ារាប់ពាននាក់ បានចូលមកបង់ក្លាដែស ហើយជាច្រើននាក់ កំពុងរង់ចាំនៅឯច្រកឆ្លងកាត់។ ស្ថានភាពគឺធ្ងន់ធ្ងរណាស់»។ ចំណែកមន្រ្តីរដ្ឋាភិបាលម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ បាននិយាយថា «ការប្រុងប្រយ័ត្ននៅព្រំដែនកាន់តែកើនឡើង ប៉ុន្តែការគ្រប់គ្រងព្រំដែនចម្ងាយ ២៧១ គីឡូម៉ែត្ររបស់យើង ជាមួយមីយ៉ាន់ម៉ា កំពុងប្រឈមនឹងបញ្ហា ជាពិសេសគឺដោយសារតែគ្មានសមភាគីសន្តិសុខ នៅឯច្រកម្ខាងទៀត»។ មន្រ្តីដដែលរូបនោះ បន្ថែមថា ជនជាតិរ៉ូហ៉ីងយ៉ាជាច្រើននាក់អស់សង្ឃឹម ហើយកំពុងស្វែងរកមធ្យោបាយ ឆ្លងចូលក្នុងប្រទេសបង់ក្លាដែស ខណៈរដ្ឋាភិបាល មិនទាន់ធ្វើការសម្រេចទេ ថាតើត្រូវចុះឈ្មោះអ្នកដែលទើបចូលមក ឬអ្នកកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន។
គួរបញ្ជាក់ថា ការមកដល់នៃជនភៀសខ្លួន ពីប្រទេសមីយ៉ាន់ម៉ា បានកើនឡើង នៅពេលដែលមានការប្រយុទ្ធគ្នាកាន់ខ្លាំង រវាងកងទ័ពនៃរបបសឹក និងកងទ័ព Arakan ដែលជាកងជីវពលជនជាតិភាគតិចដ៏មានឥទ្ធិពល។ មេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន របស់បង់ក្លាដែស លោក Muhammad Yunus កំពុងអំពាវនាវរក ការអនុញ្ញាតឱ្យតាំងទីលំនៅថ្មី នៅប្រទេសទី ៣ណាមួយក្នុងតំបន់ ដើម្បីជាដំណោះស្រាយរយៈពេលវែង ប៉ុន្តែមន្ត្រីក្រសួងការបរទេសថា វឌ្ឍនភាពលើការតាំងទីលំនៅថ្មី មានចំនួនកំណត់៕