(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានទាមទារឱ្យមានការបកស្រាយ ជុំវិញប្រតិបត្តិការរបស់យោធាអ៉ីស្រាអែល នៅតំបន់ West Bank ខណៈដែលលោកថ្កោលទោស ការបាញ់ប្រហារ បណ្តាលឱ្យស្លាប់បាតុករជនជាតិអាមេរិកម្នាក់ ដែលតវ៉ាប្រឆាំងនឹងការពង្រីកសកម្មភាពតាំងទីលំនៅរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤។
នាង Aysenur Ezgi Eygi អាយុ ២៦ឆ្នាំដែលមានសញ្ជាតិតួកគីផងនោះ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯការជួបជុំតវ៉ាមួយក្នុងភូមិ Beita ក្បែរទីក្រុង Nablus ជាកន្លែងដែលអ្នកតាំងលំនៅស្តាំនិយមជ្រុលអ៉ីស្រាអែល ធ្វើសកម្មភាពវាយប្រហារម្តងហើយម្តងទៀត មកលើប្រជាជនប៉ាឡេស្ទីន។ តាមយោធាអ៉ីស្រាអែល ការស៉ើបអង្កេតដំបូង រកឃើញថា ទំនងជាកងទ័ពរបស់ខ្លួនបានបាញ់សម្លាប់នាង ប៉ុន្តែដោយអចេតនា ហើយមានការសោកស្តាយជាខ្លាំង។
នៅក្នុងអត្ថាធិប្បាយរិះគន់ធ្ងន់ៗ ចំពោះកងកម្លាំងសន្តិសុខនៃសម្ព័ន្ធមិត្ត នៅមជ្ឈិមបូព៌ាដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន លោក Blinken ចាត់ទុកថា ការស្លាប់របស់ Eygi គឺគ្មានកំហុស និងជារឿងអយុត្តិធម៌។ លោកថាទីក្រុងវ៉ាស៉ីនតោន នឹងទទូចដល់រដ្ឋាភិបាលអ៉ីស្រាអែល ឱ្យផ្លាស់ប្តូរវិធីសាស្រ្តដែលកងកម្លាំងរបស់ខ្លួន កំពុងធ្វើនៅតំបន់ West Bank។ អ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអ៉ីស្រាអែល បានបដិសេធធ្វើការអត្ថាធិប្បាយ ជុំវិញការស្នើរបស់ឱ្យពន្យល់របស់ លោក Blinken។
គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល ឧប្បត្តិហេតុនេះ បានកើតឡើងអំឡុងពេលមានកុបកម្មដ៏ហិង្សាមួយ ដោយជនសង្ស័យប៉ាឡេស្ទីនជាច្រើននាក់ បានដុតកង់រថយន្ត និងគប់ដុំថ្មឆ្ពោះលើកងកម្លាំងសន្តិសុខ នៅឯចំណុចប្រសព្វនៃភូមិ Beita។ យោធាអ៉ីស្រាអែលនិយាយថា ការបាញ់ប្រហារដោយកាំភ្លើងមួយ មិនមែនសំដៅលើនាង Eygi ទេ ប៉ុន្តែគឺទៅលើបុគ្គលម្នាក់ទៀត ដែលគេហៅថា ជាអ្នកញុះញង់ដ៏សំខាន់ឱ្យមានកុបកម្មនោះ៕