(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយនៅថ្ងៃពុធនេះថា គ្មានការចាំបាច់ដែលត្រូវមានសង្រ្គាមពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងចិននោះទេ ហើយភាគីទាំងពីរគួរតែស្វែងរកចំណុចរួម ជុំវិញផែនការដំឡើងពន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Sanchez បានការកត់សម្គាល់បែបនេះ ខណៈកំពុងថ្លែងក្នុងព្រឹត្តិការណ៍មួយ នៅសួនឧស្សាហកម្ម Mondragon ក្បែរទីក្រុង Shanghai។ លោក Sanchez ចង់សំដៅទៅដល់ចំណាត់ការរបស់គណៈកម្មការអឺរ៉ុប ក្នុងការស៉ើបអង្កេតប្រឆាំងនឹង ការឧបត្ថម្ភធនលើរថយន្តអគ្គិសនីចិន។ EU បានកែសម្រួលពន្ធមួយចំនួន ឬកាត់បន្ថយពន្ធដែលបានលើកក្នុងសំណើថ្មីចុងក្រោយ ដោយសមាជិកទាំងអស់នឹងត្រូវបោះឆ្នោតសម្រេច នៅខែតុលា។
ចិន ក្នុងសប្តាហ៍នេះ ក៏បានបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដោយស្វែងរកការលុបចោលកាតព្វកិច្ច លើរថយន្តអគ្គិសនីរបស់ចិន ផងដែរ។ លោក Sanchez គូសបញ្ជាក់ថា «យើងមិនត្រូវការសង្រ្គាមណាមួយទៀតនោះទេ ដូចក្នុងករណីសង្រ្គាមពាណិជ្ជកម្ម ជាដើម។ ខ្ញុំគិតថា យើងត្រូវសាងស្ពានភ្ជាប់ទំនាក់ទំនងរវាង EU និងចិន ហើយពីអេស្ប៉ាញ យើងនឹងបន្តស្ថាបនា ព្យាយាមស្វែងរកចំណុចរួមរវាងចិន និងខាងគណៈកម្មកាអឺរ៉ុប»។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអេស្ប៉ាញរូបនេះ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងប៉េកាំង កាលពីដើមសប្តាហ៍ និងបានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយសម្តែងក្តីសង្ឃឹមថា សហភាពអឺរ៉ុបអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ជាមួយចិន៕