(បាកដាដ)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៉ីរ៉ង់លោក Masoud Pezeshkian បានធ្វើដំណើរមកដល់រដ្ឋធានីបាកដាដ ដើម្បីចាប់ផ្តើមការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអ៉ីរ៉ាក់ ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តមួយ ទាំងសម្រាប់អ៉ីរ៉ង់ និងសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនាមជាដៃគូដ៏កម្រមួយ សម្រាប់ទាំងអាមេរិកនិងអ៉ីរ៉ង់ អ៉ីរ៉ាក់មានកងទ័ពអាមេរិក ឈរជើងចំនួន២,៥០០នាក់ ហើយទន្ទឹមគ្នានោះ ក៏មានកងជីវពលផ្សេងៗ ដែលគាំទ្រដោយអ៉ីរ៉ង់ មានវត្តមាននៅក្នុងប្រទេសរបស់ខ្លួន ផងដែរ។ អ៉ីរ៉ាក់បានមើលឃើញ សកម្មភាពវាយប្រហារសងសឹកជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងវិបត្តិសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលចាប់ផ្តើមឡើងកាលពីខែតុលា ឆ្នាំមុន។
សហរដ្ឋអាមេរិកនិងអ៉ីរ៉ាក់ បានឈានដល់ការយល់ស្របគ្នា លើផែនការសម្រាប់ដំណើរការដកកងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយអាមេរិក ចេញពីទឹកដីអ៉ីរ៉ាក់។ ក្រុមកងជីវពលគាំទ្រដោយអ៉ីរ៉ង់ ដែលមានមូលដ្ឋាននៅអ៉ីរ៉ាក់ បានធ្វើសកម្មភាពវាយប្រហារជាច្រើនលើក ទៅលើទាហានអាមេរិក នៅតំបន់មជ្ឈិមបូព៌ា រួមទាំងនៅអ៉ីរ៉ាក់ផ្ទាល់ផងដែរ គិតចាប់តាំងពីសង្រ្គាមនៅតំបន់ Gaza បានផ្ទុះឡើង។
គួរបញ្ជាក់ថា លោក Pezeshkian បានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៉ីរ៉ង់ កាលពីខែកក្កដា បន្ទាប់ពីប្រធានាធិបតីមុន គឺ លោក Ebrahim Raisi បានបាត់បង់ជីវិត កាលពីខែឧសភា ជាមួយរដ្ឋមន្រ្តីការបរទេស លោក Hossein Amir-Abdollahian ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំភាគខាងជើងអ៉ីរ៉ង់។ ទស្សនកិច្ចខាងលើនេះ ជាដំណើរទស្សនកិច្ចក្រៅប្រទេស ដំបូងបំផុត របស់លោក៕