(វ៉ាស៉ីនតោន)៖ គណៈវិនិច្ឆ័យនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ បានសម្រេចឱ្យមានការផ្តល់ប្រាក់សំណងចំនួន ៥០លានដុល្លារ ដល់បុរសម្នាក់ ដែលបានចំណាយពេលជិត១០ឆ្នាំ នៅក្នុងពន្ធនាគារ ក្រោយត្រូវបានកាត់ទោសខុស សម្រាប់ករណីឃាតកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។
គណៈវិនិច្ឆ័យសហព័ន្ធនៅទីក្រុង Chicago កាលពីថ្ងៃចន្ទ បានចេញសាលក្រមផ្តល់ប្រាក់សងជំងឺចិត្តខាងលើ ដល់លោក Marcel Brown ដែលមានអាយុ៣៤ឆ្នាំ។ លោក Brown ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ បន្ទាប់ពីលោក ត្រូវបានរកឃើញថាជាប់ពិរុទ្ធ ពីបទជាអ្នកសមគំនិត ក្នុងករណីឃាតកម្មកាលឆ្នាំ២០០៨ លើបុរសវ័យ១៩ឆ្នាំម្នាក់។
គួរបញ្ជាក់ថា យ៉ាងណាមិញ កាលពីឆ្នាំ២០១៨ សំណុំរឿងនោះត្រូវបានទម្លាក់ចោលវិញ ហើយលោកត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយក្រុមមេធាវីរបស់លោក បានផ្តល់ភស្តុតាង ដែលបង្ហាញថា ការទទួលបានចម្លើយសារភាពពីរូបលោក គឺត្រូវបានធ្វើឡើងដោយខុសច្បាប់។ កាលពីខែសីហា បុរសវ័យ៧១ឆ្នាំម្នាក់ ក៏ទទួលបានសំណង៧លានដុល្លារផងដែរ ពីទីក្រុង Oklahoma ក្រោយជាប់ពន្ធនាគាររហូតដល់ជិត៥០ឆ្នាំ សម្រាប់អំពើឃាតកម្ម ដែលលោកមិនបានប្រព្រឹត្ត៕