(វ៉ាសូវី)៖ នាថ្ងៃពុធនេះ ប្រមុខការទូតរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងទៅដល់អ៊ុយក្រែនរួមគ្នា ក្នុងបំណងពិភាក្សាបន្ថែម អំពីលទ្ធភាពបន្ធូរបន្ថយការរឹតត្បិត ជុំវិញការប្រើប្រាស់សព្វាវុធរបស់លោកខាងលិច ដើម្បីបាញ់ចូលទៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើររួមគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy តាមរយៈរថភ្លើងចេញពីក្រុងមួយ នៅខាងប្រទេសប៉ូឡូញ ជាប់ព្រំប្រទល់អ៊ុយក្រែន។ ប្រមុខការទូតទាំងពីរ នឹងត្រូវបើកកិច្ចពិភាក្សានៅទីក្រុងកៀវ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបាននិងកំពុងព្យាយាមទទូចឱ្យលោកខាងលិច ផ្តល់សព្វាវុធបន្ថែម ហើយកាត់បន្ថយការរឹតត្បិត លើការប្រើប្រាស់ពួកវា។
គួរបញ្ជាក់ថា នៅពេលដែលត្រូវបានសាកសួរនៅទីក្រុងវ៉ាស៉ីនតោន តើលោកនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើអាវុធអាមេរិកវាយចូល កាន់តែជ្រៅក្នុងទឹកដីរុស្ស៉ី ដែរឬយ៉ាងណានោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឆ្លើយតបថា រដ្ឋាភិបាលលោកកំពុងតែធ្វើការលើរឿងនេះ។ ស្របពេលផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់អ៊ុយក្រែន លោក បៃដិន ធ្លាប់បានបង្ហាញច្បាស់ថា លោកចង់បញ្ចៀសការផ្ទុះជម្លោះដោយផ្ទាល់ រវាងសហរដ្ឋអាមេរិកនិងរុស្ស៉ី ដែលជាមហាអំណាចនុយក្លេអ៊ែរខ្លាំងជាងគេទាំង២ របស់ពិភពលោក៕