(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា កងកម្លាំងអ៉ីស្រាអែល ខិតកាន់តែជិតទៅរកការសម្រេចបាននូវគោលដៅសង្រ្គាមក្នុងតំបន់ហ្កាហ្សា ហើយនឹងផ្តោតអារម្មណ៍ទៅលើព្រំដែនភាគខាងជើង ជាមួយលីបង់វិញ ខណៈការបាញ់ផ្លោងដាក់គ្នាជាមួយក្រុម Hezbollah កំពុងបន្តធ្វើឡើងជាប់ជាប្រចាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤។

តាមរយៈសារជាវីដេអូមួយ លោក Gallant បានបញ្ជាក់ទៅកាន់ទាហាននៅព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល យ៉ាងដូច្នេះថា «បេសកកម្មយោធាកំពុងរំកិលទៅទិសខាងជើង យើងជិតបញ្ចប់កិច្ចការនៅភាគខាងត្បូងហើយ ប៉ុន្តែបេសកកម្មមិនទាន់រួចរាល់ទាំងស្រុង»។ ដោយសំដៅទៅលើការវាយលុកជើងគោក រយៈពេល ៣សប្តាហ៍ ក្រោយការវាយប្រហារថ្ងៃទី៧ តុលា របស់ក្រុមហាម៉ាស លោក Gallant បន្ថែមថា «ការណែនាំដែលគ្រប់គ្នាកំពុងរង់ចាំ គឺខ្ញុំប្រាប់ឱ្យធ្វើនៅភាគខាងត្បូង ហើយយើងបានឃើញថាកងកម្លាំងកំពុងធ្វើប្រតិបត្តិការ»

ដោយឡែក ក្រុម Hezbollah របស់លីបង់ បានបាញ់រ៉ុក្កែតចូលទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា បង្កឱ្យផ្ទុះការបាញ់ផ្លោងដាក់គ្នាចាប់តាំងពីពេលនោះមក និងនាំឱ្យជនស៉ីវិលរាប់ម៉ឺននាក់ភៀសខ្លួន នៅតាមព្រំដែនទាំងពីរ។ ជុំវិញបញ្ហានេះ នៅក្នុងការអត្ថាធិប្បាយទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃអង្គារ លោក Gallant និយាយថា «ខណៈដែលយើងកំពុងជំរុញកិច្ចព្រមព្រៀងមួយ ខ្ញុំបានដឹកនាំកងកម្លាំងការពារជាតិ រៀបចំសម្រាប់គ្រប់សេណារីយ៉ូ រួមទាំងការដឹកនាំការយកចិត្តទុកដាក់របស់យើង ទៅកាន់សង្វៀនភាគខាងជើង និងការនាំពលរដ្ឋត្រលប់មកវិញដោយសុវត្ថិភាពផងដែរ»