(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា បាននិយាយថាលោកកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីប្រើប្រាស់អាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់របស់លោក ចូ បៃដិន កើតមានឡើងចំពេលក្រុមមន្ត្រីក្នុងជួររដ្ឋបាលរបស់លោកនៅតែមានការខ្វែងគំនិតគ្នាថាតើគួរតែអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ ដោយសហរដ្ឋអាមេរិកវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែរឬក៏យ៉ាងណា? ខណៈក្រសួងការបរទេសអាមេរិកហាក់កាន់តែបើកចំហចំពោះសំណើពីទីក្រុងកៀវ ក្រោយមាន សេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគឱ្យរុស្ស៉ី។

នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថាតើលោកអាចនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងនោះដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៉ីដែរឬទេ? លោក បៃដិន បានឆ្លើយថា «បច្ចុប្បន្ន យើងកំពុងពិចារណា»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អឺរ៉ុប អនុញ្ញាតឱ្យខ្លួនប្រើ ប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី។ ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួននៅតែមានការស្ទាក់ស្ទើរ ដោយខ្លាចក្រែងថារុស្ស៉ីអាចនឹង សងសឹកក្នុងទម្រង់មួយដែលបង្កទៅជាសង្រ្គាមដោយផ្ទាល់រវាងរុស្ស៉ី និង NATO។ លោក ពូទីន ក៏ធ្លាប់បានព្រមានដែរថាការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើទឹកដីរុស្ស៉ី ដោយប្រើអាវុធដែល NATO ផ្ដល់ឱ្យ ដូចជាមីស៊ីល ATACMS របស់អាមេរិកជាដើម គឺជាទង្វើបង្កើនជម្លោះដែលនឹងតម្រូវឱ្យរុស្ស៉ីចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕