(តៃប៉ិ)៖ យន្ដហោះចម្បាំង Mirage មួយគ្រឿងរបស់កងទ័ពអាកាសតៃវ៉ាន់ បានធ្លាក់ចូលសមុទ្រនៅឯតំបន់ឆ្នេរភាគពាយព្យកោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារ ទី១០ ខែកញ្ញា តែពីឡុតបានលោតឆត្រយោងចេញពីកៅអីដោយសុវត្ថិភាព ហើយត្រូវបានសង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើតាមក្រសួងការពារជាតិតៃវ៉ាន់ ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងទៀតថាយន្ដហោះចម្បាំង Mirage ផលិតដោយបារាំងខាងលើ បានធ្លាក់អំឡុងធ្វើសមយុទ្ធនៅពេលយប់ ដោយសារអាចមកពីបញ្ហាគាំង ម៉ាស៊ីន ហើយពីឡុងក៏លោតឆត្រយោងចេញពីយន្ដហោះតែម្ដង។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថាយន្ដហោះចម្បាំងនេះ បានធ្លាក់ចូលក្នុងសមុទ្រនៃ ទីក្រុង Hsinchu ស្ថិតនៅឆ្នេរភាគពាយព្យរបស់តៃវ៉ាន់ ខណៈពីឡុតត្រូវបានក្រុមអ្នកជួយសង្រ្គោះជួយសង្រ្គោះដោយនៅមានសា្មរតីល្អ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា កងទ័ពអាកាសតៃវ៉ាន់ បានបាត់បង់យន្ដហោះចម្បាំងជាបន្តបន្ទាប់ដោយសារគ្រោះថ្នាក់ធ្លាក់ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរួមមានទាំងការសម្រេចចិត្ត បញ្ឈរជើងកងយន្ដហោះចម្បាំង Mirage កាលពីឆ្នាំ២០២២ ក្រោយយន្ដហោះចម្បាំងផលិតដោយបារាំងមួយនេះមួយគ្រឿងបានធ្លាក់។ តៃវ៉ាន់ទទួលបានយន្ដហោះចម្បាំង ក្នុងកញ្ចប់ដំបូងនៃយន្ដហោះចម្បាំង Mirage 2000 ចំនួន៦០គ្រឿង ក្នុងឆ្នាំ១៩៩៧ ហើយក្នុងនោះយ៉ាងហោចមាន ៧គ្រឿងបានធ្លាក់ចាប់តាំងពីពេលនោះមក៕