(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធ ទី១១ ខែកញ្ញានេះបាន​ឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Yagi បានកើនដល់ ១៤១នាក់ ហើយបានព្រមានថាគ្រោះទឹកជំនន់កំពុង ធ្វើឱ្យទឹកទន្លេក្រហម ហក់ឡើងខ្ពស់យ៉ាងឆាប់រហ័សដែលអាចនឹងបង្កជាទឹកជំនន់ជន់លិចតំបន់មួយចំនួនក្នុងរដ្ឋធានីហាណូយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Yagi បានបង្កឱ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់នៅទូទាំងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដោយផ្ដាច់ជីវិតមនុស្ស ១៤១នាក់ និង៥៩នាក់ ផ្សេងទៀតបាត់ខ្លួន។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម។ មិនតែប៉ុណ្ណោះ ទ្រព្យសម្បត្តិជាច្រើនក៏រងការខូចខាតធ្ងន់ធ្ងរ ហើយបង្កការរំខានដល់ពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ។

កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានរាយការណ៍ថាកម្ពស់ទឹកនៃទន្លេក្រហម ក្នុងរដ្ឋធានីហាណូយ បានកើនឡើង១០សង់ទីម៉ែត្រជារៀងរាល់ម៉ោង។ ចំណែក សាលារៀនមួយចំនួន ក្នុងរដ្ឋធានីហាណូយ បានប្រាប់ឱ្យសិស្សស្នាក់នៅក្នុងផ្ទះពេញមួយសប្ដាហ៍នេះ ដោយសារតែបារម្ភពីគ្រោះទឹកជំនន់ ស្របពេលប្រជាជនរាប់ពាន់នាក់ដែលកំពុងរស់នៅតំបន់ទំនាបត្រូវបាន ជម្លៀស៕