(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានទទួលមីស៊ីលផ្លោងពីប្រទេសអ៊ីរ៉ង់ ហើយទំនងជានឹងប្រើប្រាស់វានៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយព្រមានថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ គំរាមកំហែងដល់សន្តិសុខអឺរ៉ុបកាន់តែទូលំទូលាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡុងដ៍ មុនពេលចេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy លោក Blinken បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានអ៊ីរ៉ង់ជាឯកជនរួចហើយអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើបន្តផ្គត់ផ្គង់មីស៊ីលផ្លោងដល់រុស្ស៊ី ហើយបានប្រកាសថា ទណ្ឌកម្មថ្មីនឹងត្រូវដាក់លើអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។

នាឱកាសនោះ លោក Blinken បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីបានទទួលមីស៊ីលផ្លោងពីអ៊ីរ៉ង់រួចហើយ ហើយទំនងជានឹងប្រើប្រាស់វានៅក្នុងសង្គ្រាមនៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មាននេះមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់ ដែលសហរដ្ឋអាមេរិកបានចែករំលែកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។

លោក Blinken ក៏បានបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់មីស៊ីលនេះ អាចអនុញ្ញាតឱ្យរុស្ស៊ីពង្រីកការវាយប្រហារទៅគោលដៅដែលនៅឆ្ងាយពីជួរមុខ ដោយប្រើប្រាស់ឃ្លាំងអាវុធដែលនៅសល់របស់ខ្លួន។ ជាងនេះទៅទៀត លោកបានលើកឡើងពីការព្រួយបារម្ភអំពីការចែករំលែកបច្ចេកវិទ្យាពីរុស្ស៊ីទៅអ៊ីរ៉ង់ផងដែរ ក្នុងនោះរួមទាំងបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលអាចបង្កឲ្យមានអស្ថិរភាពកាន់តែខ្លាំងនៅក្នុងតំបន់ និងពិភពលោក៕