(ប៉េកាំង)៖ វ៉ាក់សាំងផលិតក្នុងស្រុកដំបូងគេ ដើម្បីការពារជំងឺអុតស្វា ឬ mpox ត្រូវបានអនុម័តឱ្យប្រើប្រាស់ សម្រាប់ដំណាក់កាលសាកល្បង នៅទូទាំងប្រទេសចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបើតាមក្រុមហ៊ុនផលិត ការសិក្សាថ្មីៗបង្ហាញថា វាមានប្រសិទ្ធភាពខ្លាំង ក្នុងការប្រឆាំងមេរោគ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។

វ៉ាក់សាំងនេះ អភិវឌ្ឍដោយ Shanghai Institute of Biological Products ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនឱសថរដ្ឋចិន Sinopharm ដែលធ្លាប់ទទួលខុសត្រូវលើ ការផលិតវ៉ាក់សាំងកូវីដ១៩ ដំបូងគេរបស់ចិនផងដែរ កាលពីអំឡុងមានការរាលដាលខ្លាំងក្នុងឆ្នាំ ២០២០។ តាមការប្រកាសលើបណ្តាញសង្គម WeChat ក្រុមហ៊ុនបានឱ្យដឹងថា បច្ចុប្បន្នគ្មានវ៉ាក់សាំង mpox ណាមួយត្រូវបានអនុម័តផ្លូវការនោះទេ។ គេរំពឹងថាវ៉ាក់សាំងថ្មីរបស់ Sinopharm នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង ការពារជំងឺ mpox នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន បានឱ្យដឹងបន្ថែមថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង mpox ថ្មីនេះត្រូវបានបង្ហាញយ៉ាងពេញលេញ ដោយទិន្នន័យពិសោធន៍ ហើយវាផ្តល់នូវការការពារដ៏ល្អប្រឆាំងនឹងមេរោគ។

គួរបញ្ជាក់ថា វ៉ាក់សាំងដែលផលិតបាននីមួយៗ នៅក្នុងប្រទេសចិន ជាធម្មតាត្រូវឆ្លងកាត់ការសាកល្បង ៣ដំណាក់កាលសិន មុនអនុម័តឱ្យលក់នៅលើទីផ្សារ ហើយដំណើរការនេះអាចចំណាយពេលរាប់ឆ្នាំ និងរាប់ទសវត្សរ៍។ ការមកដល់នៃវ៉ាក់សាំងថ្មីនេះ ចំពេលមានការកើនឡើងនូវជំងឺ mpox ជុំវិញពិភពលោក៕