(វ៉ាសីនតោន)៖ កាសែត Financial Times បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចពិភាក្សាសេដ្ឋកិច្ច ក្នុងសប្តាហ៍នេះ ជាមួយរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស រួមទាំងមេដឹកនាំលោក Muhammad Yunus។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Brent Neiman ឧបការរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុអន្តរជាតិ បានឱ្យដឹងថា សហរដ្ឋអាមេរិក មានសុទិដ្ឋនិយមថា តាមរយៈការអនុវត្តកំណែទម្រង់ចាំបាច់ បង់ក្លាដែសអាចដោះស្រាយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ខ្លួន និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនបន្តបន្ទាប់ និងបង្កើនវិបុលភាព។

គណៈប្រតិភូមួយក្រុមនៃក្រសួងហិរញ្ញវត្ថុ មន្រ្តីរដ្ឋាភិបាល និងពាណិជ្ជកម្មអាមេរិក រំពឹងថានឹងពិភាក្សាអំពី គោលនយោបាយសារពើពន្ធ រូបិយវត្ថុ និងសុខភាពនៃប្រព័ន្ធហិរញ្ញវត្ថុ របស់បង់ក្លាដែសផងដែរ។ កិច្ចពិភាក្សានោះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ ក្នុងរដ្ឋធានីដាក្កា។ ប៉ុន្តែ ក្រុមមន្រ្តីក្នុងក្រសួងហិរញ្ញវត្ថុបង់ក្លាដែស និងការិយាល័យរបស់ លោក Yunus និយាយថា ពួកគេមិនបានដឹងអំពីផែនការទស្សនកិច្ចនេះទេ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចបង់ក្លាដែសមានតម្លៃ ៤៥០ពាន់លានដុល្លារ​ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារឡើងថ្លៃ និងដែលបានបង្ខំឱ្យប្រទេសនេះ ងាកទៅខ្ចីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំមុន សម្រាប់ថវិកាសង្គ្រោះចំនួន ៤.៧ពាន់លានដុល្លារ៕