(អ៉ីស្លាម៉ាបាដ)៖ ក្រុមថ្នាក់ដឹកនាំបក្ស និងប៉ូលិសប៉ាគីស្ថាន និយាយថា យ៉ាងហោចណាស់សមាជិកសភា ២រូបត្រូវបានឃុំខ្លួនកាលពីយប់មិញ នៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដ និងដែលជាការអនុវត្តលើសមាជិកនៃគណបក្ស របស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Khan បាន​ជាប់​ពន្ធនាគារ​ តាំង​ពី​ឆ្នាំ​មុន។ គណបក្សប៉ាគីស្ថាន Tehreek-e-Insaf (PTI) របស់លោកបានឈ្នះ អាសនៈភាគច្រើន ក្នុងការបោះឆ្នោតជាតិ កាលពីខែកុម្ភៈ ប៉ុន្តែសម្ព័ន្ធភាពនៃគូប្រជែងរបស់លោក អាចបង្កើតរដ្ឋាភិបាលថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Shehbaz Sharif។ មេដឹកនាំបក្ស PTI លោក Zulfikar Bukhari ដែលធ្លាប់ជារដ្ឋមន្រ្តីមួយរូបផងនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងចំណោមអ្នកដែលត្រូវប៉ូលិស​ចាប់ឃុំខ្លួន ​គឺ​មានប្រធាន​ PTI លោក Gohar Khan និង​សមាជិក​ជាន់​ខ្ពស់របស់ PTI ម្នាក់ទៀត។ មិនមានសេចក្តីប្រកាសផ្លូវការណាមួយ ជុំវិញការព័ត៌មានលម្អិតអំពីការចោទប្រកាន់ ឬប្រកាសពីការចាប់ខ្លួនជាផ្លូវការនោះទេ។

គួរបញ្ជាក់ថា ការឃុំខ្លួននេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី PTI រៀបចំការជួបជុំនយោបាយដ៏ធំមួយ នៅឯជាយក្រុង ដើម្បីទាមទារឱ្យមានការដោះលែង លោក Khan។ ក្រុមអ្នកគាំទ្រ ក៏បានប៉ះទង្គិចជាមួយប៉ូលិស អំឡុងពេលធ្វើដំណើរទៅ ពិធីជួបជុំនោះ ហើយមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់បានរងរបួស៕