(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានឱ្យដឹងថា នាថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ មេបញ្ជាការយោធាជាន់ខ្ពស់ចិន និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាស៉ីជម្រៅជាមួយគ្នាតាមទូរស័ព្ទ ស្របពេលដែលប្រទេសមហាអំណាចទាំងពីរ ព្យាយាមស្វែងរកមធ្យោបាយ ដើម្បីផ្តល់ស្ថិរភាពដល់ទំនាក់ទំនងយោធា និងទប់ស្កាត់ការយល់ច្រឡំនិងគណនាខុស ផ្នែកយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីក្រុងវ៉ាស៉ីនតោន បានប្រឹងប្រែងជំរុញឱ្យមានការបើកឡើងវិញ នូវកិច្ចសន្ទនាទូទៅរវាងយោធានិងយោធា ជាមួយទីក្រុងប៉េកាំង ដើម្បីបញ្ចៀសកុំឱ្យភាពតានតឹង រាលដាលទៅជាជម្លោះធ្ងន់ធ្ងរ ចាប់តាំងតែពីទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះដល់កម្រិតដ៏ទាបបំផុតមួយ ក្រោយអាមេរិកបានបាញ់ទម្លាក់បាឡុងមួយគ្រឿង ដែលសង្ស័យជា បាឡុងស៉ើបការណ៍របស់ចិន កាលពីឆ្នាំមុន។

បើតាមក្រសួងការពារជាតិចិន កិច្ចសន្ទនាតាមវិដេអូទូរស័ព្ទ ដែលមានលក្ខណៈស៉ីជម្រៅ នាថ្ងៃអង្គារនេះ ត្រូវបានធ្វើឡើងរវាងលោក Wu Yanan ប្រមុខទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិន ហើយនិងលោក Samuel Paparo មេបញ្ជាការរបស់ទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ វាគឺជាកិច្ចពិភាក្សាដំបូងបំផុត ក្នុងកម្រិតមេបញ្ជាការយោធាជាន់ខ្ពស់​បែបនេះ រវាងភាគីទាំងពីរ។

គួរបញ្ជាក់ថា កិច្ចសន្ទនាខាងលើកើតមានឡើង បន្ទាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានមកបំពេញ​ទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយជួបជាមួយមន្រ្តីយោធាកំពូលចិន លោក Zhang Youxia ដើម្បីស្វែងរកកិច្ចសន្ទនាយោធាកម្រិតខ្ពស់ រវាងប្រទេសទាំងពីរ៕