(ការ៉ាកាស)៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា បានប្តេជ្ញាថា នឹងបន្តស្ថិតក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយមិនចេញទៅណាឡើយ បន្ទាប់ពីមិត្តរួមការងាររបស់លោកស្រី ដែលជាបេក្ខជនប្រធានាធិបតី គឺលោក Edmundo Gonzalez Urrutia បានភៀសខ្លួនទៅជ្រកកោន នៅប្រទេសអេស៉្បាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Machado បានប្រាប់ក្រុមអ្នកកាសែតនៅរដ្ឋធានីការ៉ាកាស យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តបន្តស្ថិតនៅក្នុងប្រទេស ហើយចូលរួមបុព្វហេតុតស៊ូលំបាក នៅទីនេះផ្ទាល់ ខណៈលោក Gonzalez Urrutia នឹងចូលរួមបុព្វហេតុពីក្រៅប្រទេស»។ លោក Gonzalez Urrutia បានទៅដល់ទីក្រុងម៉ាឌ្រីដ កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន ក្រោយលាក់ខ្លួនអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលក្រុមបក្សប្រឆាំងអះអាងថា លោកគឺជាអ្នកទទួលជ័យជម្នះពិតប្រាកដ បើទោះបីជា ប្រធានាធិបតីបច្ចុប្បន្នគឺ លោក Nicolas Maduro ត្រូវបានគណៈកម្មការបោះឆ្នោត ប្រកាសជាអ្នកឈ្នះក៏ដោយ។

ក្រោយទៅដល់អេស៉្បាញ លោក Gonzalez Urrutia បាននិយាយថា រូបលោកបានសម្រេចចិត្តចាកចេញពីប្រទេស ដើម្បីអាច​ឱ្យអ្វីៗមានការផ្លាស់ប្តូរ ហើយបើកផ្លូវសម្រាប់ ការកសាងដំណាក់កាលថ្មីមួយ សម្រាប់វ៉េណេស៊ុយអេឡា។ លោកស្រី Machado បាននិយាយថា លោក Gonzalez Urrutia បានចាកចេញពីប្រទេស ដោយសារអាយុជីវិតលោក ស្ថិតក្រោមការគំរាមកំហែង។

គួរបញ្ជាក់ថា លោក Gonzalez Urrutia បានជំនួសលោកស្រី Machado ជាបេក្ខជនប្រធានាធិបតីវ៉េណេស៊ុយអេឡា ក្រោយ​លោកស្រី ត្រូវបានរារាំងមិនឱ្យឈរឈ្មោះ ដោយស្ថាប័នដែលស្មោះស្ម័គ្រចំពោះលោក Maduro។ ក្រុមបក្សប្រឆាំង បានបដិសេធ​ទទួលស្គាល់លោក Maduro ជាអ្នកឈ្នះការបោះឆ្នោត ហើយសហគមន៍អន្តរជាតិភាគច្រើន ក៏បានបង្ហាញជំហរមិនទទួលស្គាល់ ​លទ្ធផលបោះឆ្នោតនោះ ផងដែរ៕