(ស្តុកខុល)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសស៊ុយអែត លោក Pal Jonson បានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញាថា ស៊ុយអែត នឹងបញ្ជូនកញ្ចប់ជំនួយទី១៧របស់ខ្លួន ទៅកាន់អ៊ុយក្រែន ជាមួយការគាំទ្រផ្នែកយោធាថ្មីទៀត គិតជាទឹកប្រាក់ចំនួន៤.៦ពាន់លាន​ក្រោនស៊ុយអែត ស្មើនឹង៤៤៣លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កញ្ចប់ជំនួយយោធាថ្មីខាងលើ នឹងរួមមានគ្រាប់រំសេវសម្រាប់រថពាសដែកប្រយុទ្ធ ដែលស៊ុយអែតបានបរិច្ចាគរួចហើយ កាលពីពេលកន្លងមក ព្រមទាំងកាណូតប្រយុទ្ធ មីស៉ីល សម្លៀកបំពាក់យោធា និងមូលនិធិសម្រាប់គាំទ្រដល់ ការទិញបរិក្ខារយោធាផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានសម្ភារសម្រាប់ជួយសម្រួល ដល់ការផ្ទេរយន្តហោះចម្បាំង Gripen នាពេលអនាគតផងដែរ ប៉ុន្តែការផ្ទេរនោះ នៅមិនទាន់​ត្រូវបានសម្រេចជាផ្លូវការ នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមលោក Jonson ស៊ុយអែតនឹងសម្រេចលើលទ្ធភាព នៃការបរិច្ចាគយន្តហោះចម្បាំង Gripen របស់ខ្លួន ឱ្យទៅអ៊ុយក្រែន នាដំណាក់កាលក្រោយៗទៀត។ រដ្ឋាភិបាលស៊ុយអែត ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ផងដែរថា សម្រាប់ឥឡូវ ការផ្ទេរយន្តហោះចម្បាំងនេះ ឱ្យអ៊ុយក្រែន មិនទាន់អាចកើតឡើងទៅបានឡើយ ដ្បិតវានឹងរំខានដល់ការចាប់ផ្តើមប្រើប្រាស់ ​យន្តហោះចម្បាំងផលិតដោយអាមេរិក គឺ F-16 នៅអ៊ុយក្រែន៕