(កៀវ)៖ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់អំពីការកោះហៅមន្រ្តីទូតជាន់ខ្ពស់របស់អ៉ីរ៉ង់ ដើម្បីសម្តែងការព្រមានអំពីផលវិបាកមិនអាចទទួលយកបាន សម្រាប់ទំនាក់ទំនងទ្វេភាគី ប្រសិនបើរបាយការណ៍ដែលថា មានការផ្គត់ផ្គង់មីស៉ីលបាលីស្ទីគពីទីក្រុងតេហេរ៉ង់ទៅរុស្ស៉ី គឺជាការពិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃកងកម្លាំងឆ្មាំបដិវដ្តន៍អ៉ីរ៉ង់ លោក Brigadier Fazlollah Nozari បានច្រានចោលរបាយការណ៍កាលពីថ្ងៃចន្ទ ដោយចាត់ទុកថាវាសង្រ្គាមចិត្តសាស្រ្ត ប៉ុន្តែអ្នកនាំពាក្យសហភាពអឺរ៉ុបថា ព័ត៌មាននោះគួរឱ្យទុកចិត្តបាន។ តាមបណ្តាញតេឡេក្រាម ក្រសួងការបរទេសអ៊ុយក្រែនបញ្ជាក់ថា មានការកោះហៅ លោក Shahriar Amouzegar អ្នកតំណាងស្ថានទូតអ៉ីរ៉ង់ ហើយប្រាប់រូបលោកថា ទំនាក់ទំនងប្រទេសទាំងពីរនឹងជួបការលំបាក ប្រសិនបើការបញ្ជូនអាវុធបែបនោះពិតជាត្រូវបានរកឃើញមែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសារព័ត៌មានធំៗនៅអាមេរិកដូចជា CNN និង Wall Street Journal បានរាយការណ៍ដោយមិនបញ្ចេញប្រភពថា អ៉ីរ៉ង់បានបញ្ជូនមីស៉ីលបាលីស្ទីគរយៈចម្ងាយខ្លីទៅរុស្ស៉ី ខណៈដែលទីក្រុងមូស្គូកំពុងបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន៕