(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា បានថ្កោលទោសការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ដែលថានឹងចាប់មន្ត្រីបោះឆ្នោតពុករលួយដាក់គុក ប្រសិនបើលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។​

ប្រតិកម្មរបស់មន្ត្រីរៀបចំការបោះឆ្នោតអាមេរិក និងក្រុមយុទ្ធនាការរបស់លោកស្រី ហារីស ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ភ្ជាប់ជាមួយការសម្លុតគំរាមថាលោកនឹងចាប់មនុស្សមួយចំនួនដាក់គុក ប្រសិនបើពួកគេចូលរួម ក្នុងការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

ក្នុងសារបង្ហោះដដែល លោក ត្រាំ ក៏បានលើកឡើងជាថ្មីផងដែរពីការអះអាងគ្មានមូលដ្ឋានរបស់លោកដែលថាបរាជ័យរបស់លោកក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ក្រោមថ្វីដៃរបស់លោក ចូ បៃដិន គឺដោយសារតែការក្លែងបន្លំសន្លឹកឆ្នោត។ ការអះអាងបែបនេះរបស់លោក ត្រាំ ធ្លាប់បានជំរុញឱ្យក្រុមអ្នកគាំទ្ររបស់លោកសម្រុកចូលអុកឡុកវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដើម្បីរារាំងការប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន។

លោក Adrian Fontes ជាលេខាធិការរដ្ឋ Arizona មកពីគណបក្សប្រជាធិបតេយ្យ បានចាត់ទុកការគំរាមរបស់លោក ត្រាំ ប្រៀបដូចជាសម្ដីជនផ្ដាច់ការ និងមានលក្ខណៈញុះញង់ឱ្យមាន ការប្រព្រឹត្តអំពើហិង្សាខាងនយោបាយ។ ចំណែក អ្នកនំាពាក្យរបស់លោកស្រី ហារីស លោក Amman Moussa បានហៅការអត្ថាធិប្បាយរបស់លោក ត្រាំ ថាជ្រុលនិយម និងបង្កភាពច្របូកច្របល់ ហើយថាលោក ត្រាំ កំពុងបង្កើនការសម្លុតគំរាមដ៏គ្រោះថ្នាក់នៃគំនុំគំគួន និងការសងសឹក។

គួរបញ្ជាក់ថា ចាប់តាំងពីបរាជ័យក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០មក លោក ដូណាល់ ត្រាំ ជារឿយៗតែងតែអះអាងដោយគ្មានមូលដ្ឋានថាមន្ត្រីរៀបចំការបោះឆ្នោតអាមេរិកខ្លះ បានក្លែងបន្លំសន្លឹកឆ្នោត ជាហេតុធ្វើឱ្យរូបលោកចាញ់ ហើយក្នុងនោះមន្ត្រីខ្លះក៏ទទួលបានការព្រមានពីលោក ត្រាំផងដែរ៕