(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបច្ចុប្បន្ន កំពុងអនុវត្តគោលនយោបាយកសាងកងកម្លាំងនុយក្លេអ៊ែរ ដើម្បីបង្កើន ការផលិតអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ នេះបើតាម KCNA ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទករថាមួយនាឱកាសនៃ ការប្រារព្ធខួបថ្ងៃបង្កើតកូរ៉េខាងជើង កាលពីថ្ងៃចន្ទម្សិលមិញ។ តាម KCNA លោក គីម ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចាំបាច់ដែលកូរ៉េខាងជើងត្រូវតែពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈប្រើប្រាស់អាវុធនុយក្លេអ៊ែរឱ្យបានត្រឹមត្រូវនៅគ្រប់កាលៈទេសៈដើម្បីការពារសន្តិសុខរបស់ប្រទេស។ លោក គីម បន្ថែមថាវត្តមានយោធាដ៏រឹងមាំ គឺជារឿងចាំបាច់បំផុត ដើម្បីប្រឈមមុខនឹងការគំរាមកំហែងបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។
គួរបញ្ជាក់ថា កន្លងមក លោក គីម ជុងអ៊ុន ក៏ធ្លាប់បានសន្យាបង្កើនការផលិតអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែការសន្យារបស់លោកនៅពេលនេះកើតឡើងចំពេលក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង រួមទាំងអ្នកវិភាគលោកខាងលិចមួយចំនួនជឿថាលោក គីម អាចនឹងបញ្ជាឱ្យយោធារបស់លោកធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅមុន ឬអំឡុងរដូវកាលនៃ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕