(ដាម៉ាស់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១៦នាក់នៅភាគខាងលិចប្រទេសស៊ីរី និងរាប់សិបនាក់ទៀតរងរបួសក្នុងរយៈពេលមួយយប់ ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយ ចាប់តាំងពីបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសត្រូវបានវាយប្រហារកាលពីខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
ទោះជាយ៉ាងណា មិនមានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីស្រាអែល ដែលជាធម្មតាតែតែនៅស្ងៀមចំពោះរបាយការណ៍នៃការវាយប្រហារនៅស៊ីរីនោះទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដែលដកស្រង់ប្រភពយោធាមួយ បាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារនៅម៉ោងប្រហែល ១១៖២០នាទីយប់នាថ្ងៃអាទិត្យ និងបានកំណត់គោលដៅ «ទីតាំងយោធាមួយចំនួននៅក្នុងតំបន់ភាគកណ្តាល»។ ក្រៅពីបណ្តាលឱ្យមនុស្សស្លាប់ ១៦នាក់ និងរបួស ៣៦នាក់ ការវាយប្រហារនេះក៏បានបង្កឱ្យមានការខូចខាតសម្ភារៈដល់តំបន់លំនៅដ្ឋានមួយចំនួនផងដែរ។
ប្រភពបាននិយាយថា កងការពារអាកាសស៊ីរីបានបាញ់ទម្លាក់មីស៊ីលមួយចំនួន។ ចំណែកឯមន្ត្រីសុខាភិបាលក្នុងតំបន់បានគូសបញ្ជាក់បន្ថែមថា មនុស្ស៣៦នាក់បានរងរបួស ក្នុងនោះ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រសួងការបរទេសស៊ីរីបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ដោយចាត់ទុកថាជាទង្វើនៃការឈ្លានពានដោយឥតលាក់លៀម។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក៏បានបញ្ជាក់ពីការថ្កោលទោសយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ចំពោះ «ការវាយប្រហារឧក្រិដ្ឋកម្ម» នៅក្នុងប្រទេសស៊ីរីនេះផងដែរ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំ អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារជាបន្តបន្ទាប់លើអ្វីដែលខ្លួនបានចោទថាជាគោលដៅដែលគាំទ្រដោយអ៊ីរ៉ង់ ឬអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលត្រូវដាក់ពង្រាយយ៉ាងទូលំទូលាយដើម្បីគាំទ្រប្រធានាធិបតី Bashar al-Assad ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ីរី។
អ៊ីស្រាអែលបានបង្កើនយុទ្ធនាការវាយប្រហារទាំងនេះបន្ថែមទៀត ចាប់តាំងពីការវាយលុកដែលដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែលពីតំបន់ហ្គាហ្សា។ ការវាយប្រហារកាលពីថ្ងៃទី០១ ខែមេសា គឺជាឧទាហរណ៍មួយដែលបានវាយប្រហារបរិវេណស្ថានទូតអ៊ីរ៉ង់ និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងឧត្តមសេនីយកំពូលម្នាក់របស់ទីក្រុងតេហេរ៉ង់ផងដែរ៕