(វ៉ាស៊ីនតោន)៖ ក្រុមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានធ្វើយុទ្ធនាការប្រឆាំងកប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Bab el-Mandeb ដែលតភ្ជាប់សមុទ្រក្រហម និងឈូងសមុទ្រ Aden កាលពីចុងឆ្នាំ២០២៣។ ពួកគេបានអះអាងថាការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមគឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ហើយសន្យាថានឹងមិនបញ្ឈប់ការវាយប្រហារឡើយ រហូតទាល់តែសង្រ្គាមហ្កាហ្សាបិទបញ្ចប់។
ជាការឆ្លើយតប សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការមួយឈ្មោះ «Operation Prosperity Guardian» ជាមួយការដាក់ពង្រាយនាវាពិឃាដជាច្រើន គ្រឿង ដើម្បីការពារកប៉ាល់ដឹកទំនិញពីការវាយប្រហារដោយដ្រូន និងមីស៊ីលពីក្រុមហ៊ូទី ព្រមទាំងបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធារបស់ក្រុមហ៊ូទីនៅលើទឹកដី យេម៉ែន ទៀតផង។ ប៉ុន្តែសម្រេចសម្រួចទៅ ប្រតិបត្តិការ និងការវាយប្រហារតាមផ្លូវអាកាសនៅតែមិនអាចបញ្ឈប់ ឬកំញើញក្រុមហ៊ូទីឱ្យឈប់វាយប្រហារលើកប៉ាល់ដឹកទំនិញក្នុង តំបន់សមុទ្រក្រហមបានឡើយ។
ក្រុមហ៊ូទី បានកាត់ផ្ដាច់ចរាចរណ៍ឆ្លងកាត់ព្រែកជីកស៊ុយអេជាងពាក់កណ្ដាល ដែលធ្វើឱ្យអេហ្ស៉ីបធ្លាក់ចំណូល។ ពួកគេក៏បានធ្វើឱ្យកំពង់ផែ Eilat របស់អ៉ីស្រាអែល នៅឯឈូងសមុទ្រ Aqaba ក្ស័យធនផងដែរ។ ជាងនេះទៅទៀត អស់រយៈពេលជិត១ឆ្នាំមកនេះ ក្រុមហ៊ូទីមិនត្រឹមតែមិនញញើតនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែបែរជាផ្គើនលើសដើម ដោយកាលពី ពេលថ្មីៗនេះ ចលនាប្រដាប់អាវុធមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះបានបាញ់ពន្លិចកប៉ាល់ដឹកប្រេងមួយគ្រឿង ហើយបានប្រែក្លាយសមុទ្រក្រហមជាផ្លូវទឹកមានពាណិជ្ជកម្មឆ្លងកាត់ ១០ ទៅ១៥ភាគរយនៃពាណិជ្ជកម្មពិភពលោក ទៅជា «តំបន់មរណៈ»។ ដូច្នេះតើនេះមានន័យថាសហរដ្ឋអាមេរិកកំពុងចាញ់សមរភូមិនៅសមុទ្រក្រហម មែនឬ?
ចំពោះសំណួរមួយនេះ អ្នកវិភាគដូចជាលោក Hal Brands មកពីវិទ្យាស្ថាន American Enterprise Institute យល់ថាសហរដ្ឋអាមេរិកកំពុងចាញ់សមរភូមិនៅសមុទ្រក្រហម ក្រោមហេតុផលមួយចំនួន៖
ម្យ៉ាង៖ ការបាចសាចអំណាចសព្វថ្ងៃ គឺមិនមែនទាល់តែមានអាវុធថ្លៃៗនោះទេ។ ក្រុមហ៊ូទីមិនមែនជាកងយោធាផ្លូវការមានសមត្ថភាពខ្លាំងណាស់ណានោះទេ ហើយពួកគេក៏មិនមែន កំពុងគ្រប់គ្រងប្រទេសយេម៉ែនទាំងស្រុងនោះដែរ។ ប៉ុន្តែ ក្រុមហ៊ូទីអាចប្រើប្រាស់ដ្រូន និងមីស៊ីលយ៉ាងមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងច្រកចូលទៅកាន់សមុទ្រក្រហម។ ក្រុមហ៊ូទី អាចធ្វើបែបនេះបាន ដោយសារតែមានការជួយពីអីរ៉ង់ដែលបានផ្ដល់អាវុធ និងបង្រៀនពីរបៀបផលិតអាវុធទាំងនោះ។ វិបត្តិនៅសមុទ្រក្រហមក៏បានបង្ហាញដែរពីរបៀបដែលចលនា ប្រដាប់អាវុធដូចជាហ៊ូទីអាចប្រើប្រាស់អាវុធមានតម្លៃថោកដូចជាដ្រូន ដើម្បីបង្កការខូចខាតធ្ងន់ធ្ងរ។
ទី២៖ ការរួបរួមគ្នានៅក្នុងចំណោមសត្រូវរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ូទីហ៊ានផ្គើនដាក់សហរដ្ឋអាមេរិក ក៏ព្រោះតែពួកគេមានការគាំទ្រពីអ៉ីរ៉ង់ និងក្រុមហេសបូឡា។ ចាប់តាំងពី ខែតុលា ឆ្នាំ២០២៣មក ក្រុមហ៊ូទីបានអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញចិន និងរុស្ស៉ីអាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ហ៊ូទីក៏ត្រូវបានគេមើលឃើញដែរថាហាក់ដូចជាទទួលបាន ការជំរុញលើកទឹកចិត្តដោយផ្ទាល់ពីរុស្ស៉ី ដែលកំពុងរិះរកវិធីសងសឹកទៅនឹងសហរដ្ឋអាមេរិក។ ទាំងប៉េកាំង និងមូស្គូ សុទ្ធតែកំពុងកើបយកផលចំណេញខាងភូមិសាស្ត្រនយោបាយ ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងជាប់រវល់ជាមួយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះផ្អែកលើផលប្រយោជន៍នេះ ចិន និងរុស្ស៉ីប្រហែលជាចង់ឱ្យជម្លោះកាន់តែក្ដៅ ឬកាន់តែអាក្រក់ រហូតអូសឱ្យសហរដ្ឋអាមេរិក ជាប់ផុងរើខ្លួនមិនរួចកាន់តែល្អ។
ទី៣៖ ខ្លាចជម្លោះរាលដាលកាន់តែធំ៖ ការព្យាយាមរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមនៅហ្កាហ្សារាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល គឺជាមូលហេតុ មួយ នៅពីក្រោយការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចាត់វិធានការក្ដៅ ក្នុងនោះរួមមានបាញ់ពន្លិចនាវាស៊ើបការណ៍របស់អ៉ីរ៉ង់ដែលគាំទ្រក្រុមហ៊ូទី ឬក៏វាយប្រហារលើ គោលដៅយោធាជាសសៃឈាមសំខាន់ៗនៃអំណាចរបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន។ ការស្ទាក់ស្ទើរនេះ វាបានជួយឱ្យតំបន់ទាំងមូលគេចផុតពីសង្រ្គាមទ្រង់ទ្រាយធំ មកទល់នឹង ម៉ោងនេះ ប៉ុន្តែវាបានធ្វើឱ្យអ៉ីរ៉ង់ និងហ៊ូទីកាន់តែឡើងចាង។
ចំណែក ហេតុផលទី៤៖ នោះគឺការរលេះរលួយនៃសណ្ដាប់ធ្នាប់ ដែលសហគមន៍អន្តរជាតិខ្លួនឯងសុខចិត្តទទួលយក។ ជាការពិតណាស់ ការខូចខាតពាណិជ្ជកម្មសកលបង្កឡើងដោយ ការវាយប្រហារពីក្រុមហ៊ូទី មានដែនកំណត់។ ក៏ប៉ុន្តែ អ្វីដែលអាក្រក់ គឺក្រុមហ៊ូទីសព្វថ្ងៃបានបំផ្លាញសេរីភាពនៃការធ្វើនាវាចរក្នុងតំបន់សមុទ្រក្រហម ដោយមិនបានលះបង់តម្លៃឱ្យ ស័ក្តិសមនឹងទង្វើដែលពួកគេបានធ្វើឡើយ។ ពោលដូចគ្នាទៅនឹងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ដែលរុស្ស៉ីអាចលើកទ័ពឈ្លានពានលើប្រទេសមួយរំលោភលើធម្មនុញ្ញរបស់ UN សហគមន៍អន្តរជាតិទាំងមូលក៏បានបរាជ័យក្នុងការធ្វើឱ្យរុស្ស៉ីសងមកវិញនូវតម្លៃយ៉ាងស័ក្តិសម សម្រាប់ទង្វើឈ្លានពានរបស់ខ្លួនផងដែរ៕