(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត The Wall Street Journal ដែលថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីទៅឱ្យរុស្ស៊ី ដោយនិយាយថា អ៊ីរ៉ង់គឺជាដៃគូរបស់រុស្ស៊ី ហើយប្រទេសទាំងពីរកំពុងពង្រីកកិច្ចសហប្រិតបត្តិការគ្រប់វិស័យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាសែត​ The Wall Street Journal បាន​រាយការណ៍ដោយដក​ស្រង់​សម្តី​មន្ត្រី​អាមេរិក និង​អឺរ៉ុប​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ថា​ អ៊ីរ៉ង់​បាន​បញ្ជូន​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ទៅ​រុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកបានឃើញរបាយការណ៍នេះ ប៉ុន្តែមិនមែនវាទាំងអស់សុទ្ធតែត្រឹមត្រូវនោះទេ។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់គឺជាដៃគូសំខាន់របស់រុស្ស៊ី ហើយប្រទេសទាំងពីរកំពុងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចសន្ទនាគ្រប់វិស័យ រួមទាំងវិស័យដ៏រសើបបំផុតផងដែរ។

ទោះបីជាមានការបដិសេធពីភាគីទាំងពីរក៏ដោយ សហរដ្ឋអាមេរិកបានព្រមានថា ការផ្ទេរមីស៊ីលបាលីស្ទីកណាមួយពីអ៊ីរ៉ង់ទៅរុស្ស៊ីនឹង វានឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង៕