(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅវៀតណាម បានរាយការណ៍ថា ចំនួនមនុស្សបាត់បង់ជីវិត ក្រោយការវាយប្រហាររបស់ ព្យុះទីហ្វុងកំណាច Yagi នៅតំបន់ភាគខាងជើងប្រទេស បានបន្តកើនដល់យ៉ាងហោច៥៩នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤។

សារព័ត៌មាន VNExpress ដោយផ្អែកលើប្រភពពីក្រសួងកសិកម្មវៀតណាម បានអះអាងថា គិតត្រឹមរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ចំនួនមនុស្សស្លាប់ដោយសារតែ ព្យុះទីហ្វុង Yagi បានកើនដល់យ៉ាងហោច៥៩នាក់ ក្នុងនោះ៤៤នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់និងរអិលបាក់ដី។ កាលពីព្រឹកថ្ងៃចន្ទនេះ ស្ពានឆ្លងទន្លេមួយខ្សែ នៅខេត្ត Phu Tho ក៏បានបាក់ផងដែរ ហើយបណ្តាលឱ្យរថយន្តប្រហែល១០គ្រឿង និងម៉ូតូ២គ្រឿង ធ្លាក់ចូលក្នុងទឹក។ មនុស្សយ៉ាងហោច៣នាក់ ត្រូវបានជួយសង្រ្គោះ ខណៈ១៣នាក់បាត់ខ្លួន ក្នុងហេតុការណ៍នោះ។ ព្យុះ Yagi បានវាយប្រហារលើវៀតណាម តាំងពីចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា អាជ្ញាធឧតុនិយមវៀតណាម បានព្រមានអំពីលទ្ធភាពគ្រោះទឹកជំនន់ និងរអិលបាក់ដីបន្ថែមទៀត ទោះបីព្យុះ Yagi បានថយចុះថាមពលទៅវិញហើយ ក៏ដោយ។ ហានិភ័យនៃគ្រោះទឹកជំនន់ខ្ពស់ជាងគេ ត្រូវបានព្រមាន នៅតាមខេត្តដូចជា Lang Son, Cao Bang, Yen Bai និងខេត្ត Thai Ngyen៕