(ប៊ីលីស៉ី)៖ អាជ្ញាធរអ៉ីស្រាអែលនិយាយថា ខ្មាន់កាំភ្លើងម្នាក់មកពីប្រទេសហ៊្សកដានី បានសម្លាប់ជនស៉ីវិលអ៉ីស្រាអែល ៣នាក់ នៅឯច្រកព្រំដែន Allenby Bridge ចូលមកក្នុងតំបន់ West Bank មុនពេលត្រូវកងកម្លាំងសន្តិសុខបាញ់សម្លាប់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០២៤។
ការវាយប្រហារនោះ កើតឡើងនៅតំបន់ដឹកទំនិញពាណិជ្ជកម្មមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល និងជាកន្លែងដែលរថយន្តដឹកទំនិញរបស់ហ្សកដានី ជញ្ជូនទំនិញចូលទៅក្នុងតំបន់ West Bank។ ស្ពានឆ្លងកាត់ដែលគេស្គាល់ថា King Hussein ស្ថិតនៅពាក់កណ្តាលផ្លូវរវាងទីក្រុង Amman និងទីក្រុងហ៊្សេរុយសាឡិម ភាគខាងជើងនៃតំបន់ Dead Sea។ ក្រសួងមហាផ្ទៃហ្ស៊កដានី បានឱ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ Maher Ziab Hussein al-Jazi ជាអ្នកស្រុកនៃតំបន់ Husseiniya នៃខេត្ត Ma'an ភាគខាងត្បូងប្រទេសហ្ស៊កដានី។
តាមយោធាអ៉ីស្រាអែល «ខ្មាន់កាំភ្លើង បានចូលទៅជិតស្ពាន Allenby ទិសដៅមកហ៊្សកដានី ដោយបើកឡានដឹកទំនិញ ក្រោយមកបានចុះពីឡាន ហើយបើកការបាញ់ប្រហារលើកងកម្លាំងសន្តិសុខអ៉ីស្រាអែល ដែលប្រចាំការនៅឯស្ពាននោះ។ ខ្មាន់កាំភ្លើង ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ ខណៈជនស៉ីវិលអ៉ីស្រាអែល ៣នាក់បានស្លាប់»។ បច្ចុប្បន្ន ហ្សកដានី កំពុងស៉ើបអង្កេតករណីនេះ។
គួរបញ្ជាក់ថា ស្ពាន Allenby ដែលជាច្រកឆ្លងកាត់ដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងហ្ស៊កដានី និងអ៉ីស្រាអែល ហើយជាច្រកព្រំដែនគោកតែមួយគត់ដែលនៅបើកដំណើរការ ក្នុងចំណោមច្រកព្រំដែនទាំង ៥រវាងប្រទេសទាំងពីរ ដែលបានបិទកន្លងមក។ ច្រកនេះភាគច្រើនបម្រើដល់ប្រជាជនប៉ាឡេស្ទីនជាង ៣លាននាក់ដែលរស់នៅក្នុងតំបន់ West Bank៕