(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez កំពុងស្ថិតក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ សម្រាប់កិច្ចពិភាក្សាជាមួយមន្រ្តីកំពូលៗរបស់ចិន រួមទាំងលោកប្រធានាធិបតី ស៉ី ជីនពីង ក្នុងគោលបំណងជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច ទោះបីជាពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប កំពុងជួបនូវភាពតានតឹងក្តី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងក្នុងវេទិកាមួយនៅឯទីក្រុងប៉េកាំង លោក Sanchez បានសាទរចំពោះទំនាក់ទំនងអេស្ប៉ាញ-ចិន។ លោកគូសបញ្ជាក់ថា «បើទោះបីជាមានបញ្ហា ដែលធ្វើឱ្យយើងមិនយល់ស្របគ្នាខ្លះៗ តែក៏នៅយើងរក្សានូវឆន្ទៈស្ថាបនា ចូលរួមក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ យើងប្តេជ្ញាចិត្ត បង្កើតរបៀបវារៈវិជ្ជមាន និងស្វែងរកដំណោះស្រាយ ដែលផ្តល់ផលប្រយោជន៍ដល់ ភាគីទាំងអស់»។

លោក Sanchez ត្រូវជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang នៅរសៀលថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ក៏ដូចជាលោក ស៉ី ជីនពីង និងក្រុមសមាជិកសភា។ ដោយឡែក នៅថ្ងៃអង្គារ និងថ្ងៃពុធ លោក​ Sanchez នឹងធ្វើដំណើរទៅកាន់ទីក្រុងស៊ាងហៃ ជាទីដែលលោកត្រូវជួបក្រុមធុរជន ក៏ដូចជាចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលវប្បធម៌ថ្មីរបស់វិទ្យាស្ថាន Cervantes ផងដែរ។

គួរបញ្ជាក់ថា ដំណើរ​ទស្សន​កិច្ច​របស់ លោក Sanchez ហាក់​ផ្ទុយពី​ភាព​តានតឹង​ផ្នែកពាណិជ្ជកម្ម​រវាង EU និង​ចិន ដែលកំពុងកើតមាន។ អេស្ប៉ាញ គឺជាប្រទេសនាំចេញផលិតផលសាច់ជ្រូកដ៏ធំបំផុតរបស់ EU ទៅកាន់ចិន ដោយកាលពីឆ្នាំមុន លក់បានតម្លៃសរុប ១.៣ពាន់លានដុល្លារ៕